Werner រកបានគ្រាប់បាល់ទី២៥របស់ខ្លួនជួយឲ្យ Leipzig ឈ្នះ Köln ៤-២

ចែករំលែក៖

កីឡាករ Timo Werner បានរកគ្រាប់បាល់ទី២៥ របស់ខ្លួនក្នុងការប្រកួតក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga ខណៈដែលក្រុម RB Leipzig បានរក្សា៣ពិន្ទុបន្ថែមប្រជែងជាមួយក្រុម Borussia Dortmund ដណ្តើមយកចំណាត់ថ្នាក់លេខ២ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះ Köln ក្នុងលទ្ធផល ៤-២ កាលពីម្សិលមិញ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃអង្គារនេះ។

ខ្សែប្រយុទ្ធឆ្នើម Timo Werner កំពុងបន្តឈរចំណាត់ថ្នាក់លេខ២ផងដែរក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើននៅលីកកំពូលអាល្លឺម៉ង់។ ៤គ្រាប់សម្រាប់ក្រុមភ្ញៀវ RB Leipzig រកបានដោយកីឡាករ Schick នៅនាទីទី២០, គ្រាប់ទី២រកបានដោយកីឡាករ Nkunku នៅនាទីទី៣៨ គ្រាប់ទី៣រកបានដោយកីឡាករ Werner នៅនាទីទី៥០ និងគ្រាប់ទី៤រកបានដោយកីឡាករ Daniel Olmo នៅនាទីទី៥៧។ ចំណែកក្រុមម្ចាស់ផ្ទះក៏រកបាន២គ្រាប់ដែរគឺនៅនាទីទី៧ ដោយកីឡាករ Córdoba និង១គ្រាប់ទៀតរកបានដោយកីឡាករ Modeste នៅនាទីទី៥៥។ ចប់ការប្រកួតក្រុមភ្ញៀវយកឈ្នះក្រុមម្ចាស់ផ្ទះដោយលទ្ធផល ៤ទល់២។

ជ័យជម្នះនេះធ្វើឲ្យក្រុម Leipzig នៅខ្វះតែ២ពិន្ទុទៀតប៉ុណ្ណោះតាមពីក្រោយក្រុមលេខ២ Dortmund ខណៈដែលក្រុមលេខ១កំពូលតារាងមាន៦៧ពិន្ទុ ក្រុមលេខ២មាន៦០ពិន្ទុ និងក្រុមលេខ៣មាន៥៨ពិន្ទុ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print