ភ្នំពេញ៖ ប្រភេទល្បែងចាក់ភា្នល់ស៊ីសងខុសច្បាប់រួមមាន ក្រៅពីកន្ទុយលេខ-សង្វៀនប្រជល់មាន់-បៀរ-អាប៉ោង គឺមានកន្លែងចាក់បាល់ កំពុងរីកដុះដាលយ៉ាងពេញបន្ទុក នៅតាមមូលដ្ឋាន-តាមផ្សារ- នានាក្នុងខណ្ឌពោធិ៍សែនជ័យ តែបើការបង្ក្រាបវិញ ហាក់បីដូចជាស្តួចស្តើង បំផុត គេមិនដឹងថា អាជ្ញាធរសមត្ថកិច្ចបិទភ្នែកត្រូវថ្នាំសណ្តំ ឬមិនហ៊ានខ្លាចប៉ះខ្សែយ៉ាងណានោះទេ ។
សង្វៀនប្រជល់មាន់ មួយកន្លែង ដែលល្បីពេញភូមិ រហូតពលរដ្ឋលាន់មាត់ ម្ចាស់សង្វៀន ជាតារាចម្រៀង ល្បីពេញនិយម ម្នាក់បើកលេងប្រជល់ ស្ថិតនៅខាងលិចប៉ុស្តិ៍ត្រពាំងក្រសាំង កណ្តាលព្រៃឫស្សី ម៉ុងចិន ក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បើកលេងលាយជាមួយ ល្បែងអាប៉ោងផងដែរ។ សមត្ថកិច្ចឬអាជ្ញាធរមើលរំលងមិនឃើញ ដោយសារបាំងបិទទៅដោយគុម្ពឫស្សីក៏មិនដឹង ទើបមិនបានបង្ក្រាប ។ រីឯកន្លែងចាក់បាល់វិញ កើតមានច្រើនកន្លែង ជ្រកក្រោមស្លាក អីនធឺណែត មួយកន្លែង នៅតាមផ្លូវជាតិលេខ៣ យីហោ 188 Net ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ។ មួយកន្លែងទៀតនៅតាមផ្លូវជាតិលេខ៤ ជាប់ក្លោងទ្វារច្រកចូលបុរីចោមចៅ យីហោ AA2888 ណេតក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ហើយពុំដែលឃើញ អាជ្ញាធរ សមត្ថកិច្ច ហ៊ានក្អក ចុះទៅមើលឡើយ ។
តាមប្រជាពលរដ្ឋនៅសង្កាត់ត្រពាំងក្រសាំងប្រាប់ឱ្យដឹងថា សង្វៀនប្រជល់មាន់ ដែល សូម្បីតែក្មេងក្នុងភូមិក៏ដឹងដែរ ថាម្ចាស់អ្នកបើក ជាតារាចម្រៀង ល្បីពេញនិយមនោះ ហើយក៏ជាពិធីករ ក្នុងពិធីមង្គលការ ផងដែរ នោះ បន្ទាប់ពី លួចបើកសង្វៀនប្រជល់មាន់ខុសច្បាប់ នៅក្នុងខណ្ឌឫស្សីកែវ តែត្រូវបានសមត្ថកិច្ច ចុះបង្ក្រាប បំបែកទីតាំង ឆ្នាំងបាយរបស់តារាចម្រៀងរួចមក ក៏បានមកលួចបើក សង្វៀនប្រជល់មាន់ ខុសច្បាប់ ដោយលួចលាក់ ក្នុងព្រៃឫស្សី ម៉ុងខ្មោច ក្បែរសាលាសង្កាត់ត្រពាំងក្រសាំង សារជាថ្មី ដើម្បីបំពេញបង្ក្រប់ បន្ថែមពីលើរបរអាជីព ជាតារាចម្រៀង ។
ពលរដ្ឋបន្តទៀតថា ទីតាំងប្រជល់មាន់ក្នុងព្រៃម៉ុងខ្មោចខាងលើ មានបង្កប់ទៅដោយល្បែង បៀ អាប៉ោង ដែលអ្នកភូមិស្គាល់ច្បាស់ ឈ្មោះក្រឹម ជាមេក្លោង ដែលរស់នៅភូមិក្បែរនោះ ។ វង់ល្បែងស៊ីសង ទាំងនោះហាក់បីដូចជា មានសេចក្តីសុខ ខណ:ដែលសមត្ថកិច្ច មិនទាន់ហ៊ានបង្ក្រាប ឬមើលមិនឃើញក៏មិនដឹង ។
ចំណែកពលរដ្ឋនៅ ក្នុងភូមិព្រៃព្រីង ទាំងត្បូង ទាំងជើង សង្កាត់ចោមចៅ វិញបានឱ្យដឹងថា នៅក្នុងមូលដ្ឋាន កើតមានល្បែងស៊ីសង ខុសពីកត់ឆ្នោត មាន កន្លែងចាក់បាល់ ចំនួន២ធំៗ បើក បម្រើសេវាកម្ម ២៤ម៉ោងលើ២៤ម៉ោង គ្មានញញើត អាជ្ញាធរ ឬសមត្ថកិច្ច ថ្នាក់តូចតាចឡើយ ដែលជ្រកក្រោមស្លាក អ៊ីនធឺណែត ប្រកបទៅដោយ ភាពរលូន គ្មាសមត្ថកិច្ចនិងធាជ្ញាធរណា ហ៊ានក្អកឡើយ ។
ពលរដ្ឋបានឱ្យដឹងផងដែរថា ទោះជា អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដាក់ពង្រាយ ស្លាកផ្ទាំងប៉ាណូ ផ្សព្វផ្សាយ លក្ខណ:សម្បត្តិទាំង៩យ៉ាង របស់ភូមិ-សង្កាត់,ឃុំមានសុវត្តិភាព យ៉ាងណាក៏ដោយ ក្នុងនោះ ចំណុចទី៥ ដែលបញ្ជាក់ថា គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ កើតមានក្នុងមូលដ្ឋាន ដើម្បីដាក់ ពង្រឹង និងរក្សាបាននូវ សន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផ្ទុយទៅវិញ ល្បែងស៊ីសងខុសច្បាប់ រីកផុសផុល ទាំងតូចទាំងធំ តែបើការបង្ក្រាបវិញ ហាក់បីដូចជាស្រួចស្រាលជាទីបំផុត រហូតដល់ពលរដ្ឋលើកឡើងថា ចាប់បានតែតូចៗ រីឯ ទីតាំងធំៗ ចាប់មិនទាន់បាន ខណ:ដែលដាក់ប្រទាក់ក្រឡាមិនត្រូវ ឬមិនហ៊ានបង្ក្រាប មិនត្រឹមតែមានកើតប៉ុណ្ណោះទេនៅមានជាច្រើនមុខ ជាច្រើនកន្លែងទៀត រាប់មិនអស់ ទូទាំងខណ្ឌពោធិ៍សែនជ័យ ៕
ដោយ៖ ហេង សូរិយា