ខេត្ដព្រះសីហនុ៖ កាលពីម៉ោង១០និង ៤០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខស្ថានីយប្រេងPTTឃ្លាំងលើ ស្ថិតនៅ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូម៉ូតូនឹងរថយន្ដ បណ្ដាលឱ្យមនុស្ស៣នាក់បានរងរបួស ធ្ងន់ស្រាល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មនុស្សដែលរបួសដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ទី១-ឈ្មោះ សោ ភិន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្ដព្រះសីហនុ (របួសធ្ងន់), ទី២-ឈ្មោះ សឹម ផល ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរ មេផ្ទះជាប្រពន្ធ (របួសស្រាល) និងទី៣-ឈ្មោះ ភឿង ឌុងហេ ភេទប្រុស អាយុ២ឆ្នាំ (របួសស្រាល)។
ប្រភពដដែលបានបញ្ជាក់ទៀតថា មុន ពេលកើតហេតុគេបានឃើញម៉ូតូហុងដា ឌ្រីមមួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខព្រះ សីហនុ១E-៦៧៧៤ បើកបរដោយឈ្មោះ សោ ភិន និងរួចដំណើរដោយឈ្មោះសឹម ផល និងឈ្មោះភឿង ឌុងហេ បានធ្វើ ដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុង ទិសដៅពីលិចទៅកើត ។ លុះមកដល់ ចំណុចកើតហេតុក៏មានរថយន្ដម៉ាក ឡិច ស៊ីសLX ៤៧០ ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ២Y-៩៩៥៦ បើកបរឈ្មោះ ហម សុខឡេង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បុគ្គលិកផ្ទះសំណាក់ ជីប៊ីធី ទីលំនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្ដព្រះសីហនុ មានទិស ដៅស្របគ្នា បានជែងម៉ូតូខាងលើហើយ បត់ស្ដាំពីមុខម៉ូតូបណ្ដាលឱ្យម៉ូតូបុកគូទ រថយន្ដដួលរងរបួសតែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ និងបាន បញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ។ បន្ទាប់ មកសមត្ថកិច្ចជំនាញបានវាស់វែងកន្លែងកើតហេតុនិងនាំយកម៉ូតូ និងរថយន្ដទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ សហការី