នាយករដ្ឋមន្ត្រី​កាណាដា ចេញមុខ​បដិសេធ​មិន​ឲ្យ​រុស្ស៊ី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ G7

ចែករំលែក៖

អន្តរជាតិ៖ លោក Justin Trudeau នាយករដ្ឋមន្ត្រី​កាណាដា កាលពីថ្ងៃទី​១ ខែមិថុនាម្សិលមិញនេះ បាននិយាយថា ប្រទេសរុស្ស៉ីថា មិនសាកសមចូលរួមប្រជុំ G7 ព្រោះមិន​គោរព​ច្បាប់ទម្លាប់ និង​បំពាន​ច្បាប់​អន្តរជាតិ​ ។ មិនតែប៉ុណ្ណោះលោក Justin Trudeau បាន​ចេញមុខ​បដិសេធ​មិន​ឲ្យ​រុស្ស៊ី​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ (G7) នាពេលខាងមុខ តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ។

សូមជម្រាបថា កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ ដែល​គ្រោង​​ប្រារព្ធ​ឡើង នៅ​ខែមិថុនា ខាងមុខ នា​និវេសនដ្ឋាន​ Camp David ត្រូវបាន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គ្រោង​អញ្ជើញ​រុស្ស៊ី កូរ៉េខាងត្បូង ឥណ្ឌា និង​អូស្ត្រាលី​ឲ្យ​មក​ចូលរួម​។ ការបន្ថែម​សមាជិក​ឲ្យ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​G7 នេះ គឺ​លោក​ត្រាំ បាន​សំអាងថា កិច្ចប្រជុំ​មួយ​នេះ គឺ​ហួស​សម័យ និង​មិន​សក្តិ​សម ក្នុងការ​តំណាង​ឲ្យ​ពិភពលោក​ទាំងមូល​។​

​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​ក្នុង​ខែមិថុនា​នេះ ត្រូវបាន​អាមេរិក​លើក​ពេល​ប្រជុំ ដោយសារតែ​ស្ថានភាព​COVID-19 នៅ​អាមេរិក និង​ការបដិសេធ ​មិន​ទៅ​ចូលរួម​របស់​សមាជិក​មួយចំនួន ដូចជា​អាល្លឺម៉ង់​ជាដើម​។ បើតាម​លោក​ត្រាំ កិច្ចប្រជុំ​G7 អាច​ធ្វើឡើង​សារជាថ្មី​ នៅក្នុង​ខែកញ្ញា​ខាងមុខ​។

​ទាក់ទង​នឹង​ការចូលរួម​របស់​រុស្ស៊ី​ក្នុងជំនួប G7 នេះ កាណាដា​បាន​លើកឡើងថា រុស្ស៊ី​មិន​សាក​សម ក្នុងការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះឡើយ​។ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ នៅ​ថ្ងៃទី​១ ខែមិថុនា នាយករដ្ឋមន្ត្រី Justin Trudeau បាន​អះអាងថា រុស្ស៊ី​មិន​សក្តិ​សម​ចូលរួម​ក្នុង​កិច្ចប្រជុំ G7 ឡើយ ព្រោះ​ប្រទេសមួយ​នេះ មិន​គោរព​ច្បាប់​អន្តរជាតិ និង​បំពាន​បទដ្ឋាន​អន្តរជាតិ​។ ប្រមុខ​រដ្ឋាភិបាល​កាណាដា សំដៅ​ទៅលើ​សកម្មភាពរ​បស់​រុស្ស៊ី កាលពី​ឆ្នាំ​២០១៤ ដែល​បាន​លេប​ត្របាក់​ យក​ទឹកដី​គ្រី​មៀ​។

​ក្រៅពី​ហាម​វត្តមាន​រុស្ស៊ី កាណាដា​ក៏​បដិសេធ​ការបន្ថែម​សមាជិក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP លោក Trudeau បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​វា​ពិតជា​សំខាន់​ណាស់ ក្នុងការ​រក្សា​សមាជិក​ប្រជុំ​ឲ្យ​នៅ​ដដែល ហើយ​ត្រូវ​ប្រាកដថាយើង​កំពុងតែ​សហការ​ជាមួយគ្នា​ជា​អន្តរជាតិ នៅក្នុង​ពេលនេះ ដើម្បី​ដោះស្រាយ​វិបត្តិ​(COVID-19) »​។ ក្នុងន័យនេះ ការបន្ថែម​សមាជិក គឺ​មិន​សំខាន់​ឡើយ ប៉ុន្តែ​កិច្ចប្រជុំ​នេះ ត្រូវការ​ការសហការ​គ្នា​ពី​សមាជិក G7 ទាំងអស់ ។

​គួរបញ្ជាក់ថា កាលពីមុន​ឆ្នាំ ២០១៤ រុស្ស៊ី ​ក៏​ជា​សមាជិក​នៃ​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​នេះដែរ ដែល​ពេលនោះ គឺ​គេ​ហៅថា​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៨ (G8)។ ប៉ុន្តែ​ដោយសារតែ រុស្ស៊ី​លេប​ត្របាក់​យក​ទឹកដី​គ្រី​មៀ​ នៅក្នុង​ឆ្នាំ​២០១៤ សមាជិក​ទាំងអស់​ បាន​សម្រេច​ដក​រុស្ស៊ី​ចេញពី​កិច្ចប្រជុំ​G8​។ បន្ទាប់ពី​ដក​សមាជិកភាព​រុស្ស៊ី​ចេញពី​កិច្ចប្រជុំ G8 ត្រូវបាន​ប្តូរ​មកជា G7 វិញ​។ សមាជិកG7 មាន​អាមេរិក កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និង​អង់គ្លេស​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print