ប្រទេសអូស្ត្រាលី៖ អ្នកសារព័ត៌មានរបស់បណ្តាញព័ត៌មាន7news របស់អូស្ត្រាលីរងការវាយប្រហារនៅអាមេរិក ដោយប៉ូលិសប្រើ ដំបងវាយប្រហារក្នុងពេលកំពុងតែថតវីដេអូស្តីពីបាតុកម្ម នៅមុខសេតវិមានអាមេរិក។
ក្រសួងការបរទេសអូស្ត្រាលី នៅថ្ងៃទី២ខែមិថុនា បានប្រកាសឲ្យដឹងថា ៖ នឹងបើកការស្រាវជ្រាវ ក្រោយអ្នកសារព័ត៌មាន7Newsពីរនាក់រងការវាយប្រហារនៅមុខសេតវិមាន។ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានបញ្ជាក់ថា ៖ នៅពេលនេះស្ថានទូតអូស្ត្រាលីនៅអាមេរិក ទទួលភារកិច្ចក្នុងការស្រាវជ្រាវ ករណីខាងលើ ក៏ដូចជាតវ៉ាឡើងទៅកាន់រដ្ឋាភិបាលអាមេរិក ។ ការស្រាវជ្រាវត្រូវបានធ្វើឡើងតាមសំណើររបស់នាយករដ្ឋមន្ត្រីScott Morrison។
រដ្ឋាភិបាលអូស្ត្រាលី បានលើកឡើងថា ៖ សកម្មភាពវាយប្រហារទៅលើអ្នកសារព័ត៌មាន ពីសំណាក់កម្លាំងសន្តិសុខអាមេរិក គឺជារឿងមិនអាចទទួលយកបានឡើយ។ ហេតុការណ៍ ខាងលើកើតឡើង នៅវេលាម៉ោង៦និង២៥នាទីល្ងាចថ្ងៃទី២ខែមិថុនា ក្នុងពេលអ្នកសារព័ត៌មានរបស់អូស្ត្រាលី២រូប មានឈ្មោះ Amelia Brace អ្នករាយការណ៍និងTim Myers អ្នកថត់វីដេអូ។
តាមការលើកឡើងរបស់ភាគីអូស្ត្រាលី ប៉ូលិតបានប្រើដំបងរុញអ្នកថតវីដេអូTim Myersហើយវាយប្រហារទៅលើគាត់តែម្តង។ ក្រោយមកប៉ូលិសម្នាក់ទៀតក៏បានប្រើដំបងវាយប្រហារ ទៅលើអ្នករាយការណ៍ ដែលរត់គេចខ្លួន។ សកម្មភាពទាំងនោះបានធ្វើឲ្យអូស្ត្រាលីខឹងសម្បារយ៉ាងខ្លាំង ចំពោះសកម្មភាព ខាងលើរបស់កម្លាំងបង្ក្រាបបាតុកម្មរបស់ អាមេរិក ថាជាការរំលោភបំពានសិទ្ធិសេរីភាពសារព័ត៌មាន៕
ដោយ៖ ធី រីណា