បន្ទាយមានជ័យ ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដោយឃាត់មនុស្ស៥នាក់ និងដកហូតវត្ថុតាងមួយចំនួន កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថាដើម្បីអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការដល់កម្លាំងនគរបាល គ្រប់ស្រុក ក្រុង ធ្វើការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលកំពុងធ្វើសកម្មភាពក្នុងមូលដ្ឋានឲ្យដូចជាភ្លៀងរលឹម ។
ដោយទទួលបាននូវផែនការបែបនេះ កម្លាំងជំនាញបានចេញបង្រ្កាបនៅចំណុចខាងលើហើយបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនម្នាក់ឈ្មោះ ណារិទ្ធ ដេវីដ ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិភ្នំបាក់ សង្កាត់ទឹកទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជននេះគឺជាមុខសញ្ញា ជួញដូរនិងផ្តល់ទីតាំង(ផ្ទះ)ឲ្យអ្នកប្រើប្រាស់ផងដែរ ហើយត្រូវបានកម្លាំងនគរបាលយើងបានធ្វើការស៊ើបអង្កេតជាយូរមកហើយ។ ដោយឡែកក្នុងករណីនេះដែរសមត្ថកិច្ចបានចាប់ឃាត់ខ្លួនអ្នកប្រើប្រាស់បានចំនួន០៤នាក់ ជជាបន្តបន្ទាប់ថែមទៀត ។
លោកអធិការបានបញ្ជាក់ថា៖ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ កម្លាំងបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន០៣ថង់តូច ,កូនថង់សម្រាប់ច្រកមួយចំនួន, ពូថៅ០១ដើម, កាំបិតចំនួន០២ដើម,ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន០៤គ្រឿងនិងឧបករណ៍សម្រាប់ជក់មួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿង បញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី៕ដោយ÷ប្រាថ្នា