ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ បានចុះដោះស្រាយចំពោះបញ្ហាប្រឈមមួយចំនួន របស់ប្រជា ពលរដ្ឋ ដែលរងផលប៉ះពាល់ ប្រមាណជាង ៦០គ្រួសារ ខណៈដែលអាជ្ញាធរ បានដាក់ គ្រឿងចក្រធ្វើផ្លូវ អមមាត់ប្រឡាយ ក្រវ៉ាត់បឹងត្របែក និងស្តារប្រឡាយបង្ហូរទឹកស្អុយ នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ។
ប្រជាពលរដ្ឋ បានស្នើទៅអាជ្ញាធរ រាធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ថា៖ អាជ្ញាធរត្រូវតែ ធ្វើការដោះស្រាយសំណង នៃផលប៉ះពាល់ដល់ពួកគាត់ជាប្រាក់ ដោយពួគគាត់មិនទទួលយក ជាដីគោលនយោបាយនោះទេ ចំពោះសំណើនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានទទួលយក រួចនិងរាយការណ៍ទៅថ្នាក់លើដើម្បីសុំគោលការណ៍ ក្នុងការដោះស្រាយ។
លោក ប៉ា សុជាតិវង្ស ក៏បានបញ្ជាក់ផងដែរ ចំពោះអង្គការសង្គមស៊ីវិល ដែលចូលរួមមកដោះស្រាយតំណាងឲ្យបងប្អូន សូមចូលរួមដោះស្រាយជាប្រយោជន៍ដល់ពលរដ្ឋ ហើយសូមកុំឡូកឡំនិងរឿងនយោបាយ ពោលគឺរួមគ្នាស្វែងរកដំណោះស្រាយរួមមួយដើម្បីបញ្ចប់បញ្ហា ជៀសវាង ពាក់ព័ន្ធនឹងរឿងនយោបាយ។
លោកប៉ា សុជាតិវង្ស. បានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រុមការងារសាលាខណ្ឌចំការមន និងសង្កាត់ផ្សារដើមថ្កូវ បានសហការ ជាមួយក្រុមការងារ សាលារាជធានីភ្នំពេញ ដាក់គ្រឿងចក្រដើម្បីធ្វើ ផ្លូវក្រវ៉ាត់បឹង និងស្ដារប្រឡាយបង្ហូរទឹកស្អុយ ប៉ុន្តែខណៈកំពុងធ្វើនោះ មានក្រុមប្រជាពលរដ្ឋជាច្រើននាក់ រួមនិងអង្គការសង្គមស៊ីវិលផងនោះ បានមករារាំង ដោយសារថា បានប៉ះពាល់ដល់ដី និងលំនៅឋានរបស់ពួកគាត់. ដោយហេតុ នេះហើយទើប ធ្វើឲ្យ អាជ្ញាធរយើង ចុះមកចូលរួម សុំមន្ដិយោបល់ពី បងប្អូន ថាតើត្រូវការ សំណងពីអាជ្ញាធរយើង ជាអ្វី ទៅវិញ ដើម្បីបញ្ចប់បញ្ហា រឿងស្ដាប្រឡាយ និងធ្វើផ្លូវនៅបឹងត្របែកនេះ ៕
ដោយ៖ សំរិត