ខេត្តពោធិ៍សាត់៖ ពលរដ្ឋរាយការណ៍ មកថា គេឃើញអ្នកមានម្នាក់កំពុងសាងសង់សំណង់រឹងរំលោភលើដីចំណីផ្លូវជាតិលេខ៥ ដែលករណីនេះគេសង្ស័យមានការឱ្យដៃពីអាជា្ញធរ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ទីតាំងដែលគេសង្ស័យមានការបើកភ្លើងខៀវពីមន្ត្រីគំនិតមិនល្អនោះស្ថិតក្នុងភូមិត្រាង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
តាមប្រភពខាងលើត្រូវគេបង្ហើបឲ្យដឹងថា អ្នកមាន ដែលកំពុងសាងសង់សំណង់ រំលោភលើដីចំណីផ្លូវជាតិលេខ៥នោះ ឈ្មោះកាយ៉យ ជាអ្នកមានទ្រព្យសម្បត្តិដ៏មហាសាលម្នាក់នៅក្នុងក្រុងពោធិ៍សាត់ និងជាមេកញ្ច្រែងកន្ទុយលេខផងដែរ ហើយគេដឹងទៀតថា នៅមានមេធំម្នាក់ទៀត ហើយសព្វថ្ងៃគាត់បើកហាងលក់បាយ គុយទាវ កាហ្វេ និងលក់សំបុត្ររថយន្តក្រុងដែលយកផ្លូវថ្នល់ធ្វើបេនជាអាជីវកម្ម ដើម្បីបំពាន់ភ្នែកគេឯងនៅពីក្រោយខ្នង។
ប្រភពបង្ហើបឲ្យដឹងតាមទូស័ព្ទចេញពីសមត្ថកិច្ចមូលដ្ឋានថាការសាងសង់សំណង់រឹងខាងលើនេះ គឺបំណងសង់ស្ថានីយ៍ប្រេងឥន្ធនៈ ហើយថ្នាក់មូលដ្ឋានបានរាយការណ៍ជូនថ្នាក់លើអស់ហើយ តែបើថ្នាក់លើបន្តយ៉ាងម៉េចនោះ ថ្នាក់ក្រោមក៏មិនដឹងធ្វើម៉េចដែរ ។
ពាក់ព័ន្ធនឹងប្រភពរាយការណ៍ខាងលើនេះ នគរវត្តមិនអាចស្វែងរកសុំការពន្យល់ពីលោក កាយ៉យ ដែលគេថា ជាមេកញ្ច្រែងកន្ទុយលេខម្នាក់ ហើយទៅសាងសង់សំណង់រឹងរំលោភលើដីចំណីថ្នល់ជាតិលេខ៥ និងមានមេធំម្នាក់ទៀតនៅពីក្រោយខ្នងនោះមិនបានឡើយ ៕
ដោយ៖ ប៉ឹម ពិន