ក្មេងប្រុសអាយុ១ខួបម្នាក់ដេករមៀលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយបណ្តាលឲ្យលង់ស្លាប់នៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសម្នាក់មានអាយុទើបតែ១ខួបបានដេកជាមួយបងប្អូនប្រុសស្រីបីនាក់ទៀតហើយក៏រមៀលធ្លាក់ពីលើផ្ទះចូលប្រឡាយទឹកស្អុយបឹងត្របែកបណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍គួរឱ្យសង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលេខ១០១ ក្រុម ៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។

សពក្មេងប្រុសរងគ្រោះឈ្មោះរិន ធារិទ្ធអាយុ១ឆ្នាំ រស់នៅជាមួយឪពុកដោយស្នាក់នៅជាមួយម្ដាយមីងនោទីតាំងកើតហេតុ។ ឪពុកឈ្មោះ រិន ពិសិទ្ធ អាយុ ៤១ ឆ្នាំមុខរបររើសអេតចាយ និងម្ដាយឈ្មោះរស់ ភា អាយុ៣៩ឆ្នាំ សព្វថ្ងៃជាប់ពន្ធនាគារនៅព្រៃស។

តាមសម្ដីឪពុករៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានក្រោកតាំងពីវេលាម៉ោង២រំលងអធ្រាត្រដើររើសអេតចាយទុកឱ្យកូនដេកជាមួយបងប្អូន៣នាក់ទៀត។ក្រោយពីត្រឡប់មកពីរើសអេតចាយវិញក៏បាត់កូនប្រុសអាយុ១ឆ្នាំម្នាក់ក៏ដើររកហើយប្រទះឃើញកូនធ្លាក់តាមប្រឡោះជញ្ជាំងផ្ទះទៅក្រោមចូលក្នុងប្រឡាយទឹកស្អុយស្លាប់បាត់បង់អាយុជីវិតទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនិងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យចុះមកពិនិត្យសពរួចបានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសខាងលើពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសន្សំកុសល៕ ដោយនិន សុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print