ភ្នំទាក់ទ្រាំងជាប់ឈ្មោះនៅប្រទេសកម្ពុជា ថាជាភ្នំធម្មជាតិមួយដ៏លេចធ្លោ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ភ្នំទាក់ទ្រាំងស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ចេញពីក្រុងបាត់ដំបង​ឆ្ពោះទៅខេត្តប៉ៃលិន ហើយពេលមកដល់គីឡូម៉ែត្រលេខ៤០ បត់ចូលតាមផ្លូវក្រាលក្រួសធម្មជាតិមានចម្ងាយជិត៤គីឡូម៉ែត្រនឹងទៅដល់ភ្នំទាក់ទ្រាំងហើយ។

ភ្នំទាក់ទ្រាំង មានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ ជាស្ថានីយបុរេប្រវត្តិសាស្ត្រតែមួយគត់នៅខេត្តបាត់ដំបងហើយដែលអ្នកស្រាវជ្រាវបានរកឃើញបំណែកថ្ម និង កម្ទេចកម្ទីកុលាលភាជន៍ទាក់ទងនឹងការតាំងលំនៅក្នុងរូងភ្នំរបស់មនុស្សនៅសម័យយុគថ្មបំបែក។ នៅទីនោះគេក៏បានរកឃើញផ្នូរបុរាណចំនួន២ មានអាយុកាលជាង៣.៣០០ឆ្នាំ និងវត្ថុបុរាណជាច្រើននៅជិតផ្នូរដូចជា ផ្តិល កាំបិត ពូថៅធ្វើពីថ្មរំលីង និងថ្មរឹង បំណែកឆ្អឹងសត្វរមាស ពពែ ក្តាន់ និងប្រើស។

សារ:សំខាន់ផ្នែកសណ្ឋានដី និងភូគម្ភសាស្ត្រ៖ យោងតាមគេហទំព័រ កេរដំណែល ភ្នំទាក់ទ្រាំងកកើតឡើងនៅចុងសករាជទី១ សម័យពែមីញៀង ដែលមានអាយុកាលប្រហែល៣០០លានឆ្នាំមុនគ្រឹស្តសករាជ។ ក្នុងភ្នំនេះ មានល្អាងធំមួយ ដែលគេហៅ ថាល្អាងស្ពាន។ល្អាងស្ពាននេះបង្កើតឡើងដោយធម្មជាតិ មានរាងដូចស្ពាន ទាក់ទាញណាស់ដល់មនុស្សគ្រប់រូប ចង់ឃើញ និងមើលផ្ទាល់។

ផ្នែកជីវៈចម្រុះ ភ្នំនេះគ្របដណ្តប់ដោយដើមឈើ និងរុក្ខជាតិដែលមាន​ពណ៌ខៀវស្រងាត់ តែនៅមិនទាន់ដឹងថាទីជម្រកធម្មជាតិនេះមានជីវៈចម្រុះ ជាពិសេស ប្រភេទសត្វនិងរុក្ខជាតិប៉ុន្មានប្រភេទរងការគំរាមកំហែង ដែលមានតម្លៃលេចធ្លោជាសាកល សម្រាប់អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស។

រាជរដ្ឋាភិបាលកម្ពុជា បានចេញច្បាប់លេខ៦៧អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ អនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំ​អភិរក្សភ្នំទាក់ទ្រាំង​ទំហំ​៧៩,៨២ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិ សម្រាប់ជាមរតក​មនុស្សគ្រប់ជំនាន់៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print