រឿងព្រេង​ទាក់ទង​នឹង​ពិធី​សែន​ព្រះ​ភូមិ​នៅ​រដូវ​ធ្វើ​ស្រែ

ចែករំលែក៖

រហូត​ដល់​សព្វ​ថ្ងៃ​នេះ នៅ​កន្លែង​ខ្លះ​ក្នុង​រដ្ឋ​កម្ពុជា តែ​កាល​ណា​មាន​ភ្លៀង​ធ្លាក់​ជ្រាយ​ដី​ល្មម​ចាប់​ប្រកប​របរ​ធ្វើស្រែ​ហើយ គេ​ច្រើន​ឃើញ​អ្នក​ស្រែ​ធ្វើ​ច្រម១ ដាក់បាយ សម្ល នំ​ចំណី យក​ទៅ​ដោត​សែន​នៅ​ក្នុង​ស្រែ​របស់​ខ្លួន ដើម្បី​ឲ្យ​ស្រូវ​បាន​ផល​ច្រើន ហើយ​គេ​តែង​ហៅ​ពិធី​នេះ​ថា “សែន​ព្រះ​ភូមិ” ។ ទំនៀម​សែន​ព្រះ​ភូមិ​នេះ តាម​ការ​ស្រាវ​ជ្រាវ​នៃ​ក្រុម​ទំនៀម​ទម្លាប់​ឃើញ​ថា មាន​ទំនាក់​ទំនង​តាំង​ពី​ពុទ្ធ​សម័យ​មក​ដែរ ប៉ុន្តែ​កាល​នោះ គេ​បូជា​នាង​យក្ខិនី ដើម្បី​សួរ​ដំណឹង​ទឹក​ភ្លៀង ។ លុះ​យូរ​ៗ មក អ្នក​ស្រុក​ភ្លេច​រឿង​ដើម ក៏​ស្មាន​ថា ការ​សែន​ព្រះ​ភូមិ​នេះ គឺ​សែន​ទេវតា​ដែល​រក្សា​ផែនដី​នេះ​ទៅ​វិញ ប៉ុន្តែ ទោះ​ជា​យល់​ដូច្នោះ ក៏​មិន​ជា​ការ​ខុស​ឆ្ងាយ​ចាក​ហេតុ​ដើម​ប៉ុន្មាន​ដែរ ។

មាន​ដំណាល​ក្នុង​គម្ពីរ​ធម្មបទ​ថា ក្នុង​សម័យ​ពុទ្ធ​កាល មាន​កុដុម្ពីក៍​ម្នាក់ ជា​អ្នក​ស្ដុក​ស្ដម្ភ​ដោយ​ទ្រព្យ​សម្បត្តិ ប៉ុន្តែ ប្រពន្ធ​ជា​ស្រី​អារ គ្មាន​កូន​សោះ ។ មាតា​របស់​កុដុម្ពីក៍ ក៏​ត្រិះ​រិះ​ថា “បើ​កូន​អញ​គ្មាន​កូន​នឹង​ត​ក្នុង​វង្ស​ត្រកូល​ដូច្នោះ តើ​បាន​អ្នក​ណា​នឹង​រក្សា​ទ្រព្យ​សម្បត្តិ​ទៅ​ទៀត” ។ គំនិត​នោះ​មិន​បាត់​ស្ងាត់ ក៏​ដឹង​ទៅ​ដល់​នាង​ភរិយា​ដើម ។ នាង​ភរិយា​ដើម​គិត​ថា បើ​ប្ដី​អញ​មាន​ប្រពន្ធ​ចុង ហើយ​នាង​នោះ​មាន​កូន គេ​មុខ​ជា​នឹង​បាន​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ ធ្វើ​ជា​ធំ​ក្នុង​ផ្ទះ​សម្បែង​នេះ​ពុំ​ខាន ឯ​ខ្លួន​អញ​ក៏​មុខ​ជា​នឹង​ថយ​មុខ​មាត់ ពុំ​មាន​អ្នក​ណា​រាប់​អាន​ឡើយ បើ​ដូច្នោះ គួរ​អញ​ចេញ​មុខ​ទៅ​ដណ្ដឹង​ប្រពន្ធ​ជួស​ម្ដាយ​ក្មេក ដើម្បី​ឲ្យ​នាង​ប្រពន្ធ​ចុង​គោរព​ខ្លាច​អញ ។

បន្ទាប់​មក នាង​នោះ ក៏​ចូល​ទៅ​និយាយ​នឹង​ម្ដាយ​ក្មេក ដើម្បី​ធានា​ទៅ​ដណ្ដឹង​ប្រពន្ធ​ឲ្យ​ប្ដី ។ ម្ដាយ​ក្មេក​ក៏​ព្រម ។ លុះ​បាន​ប្រពន្ធ​ថ្មី​មក​មិន​យូរ​ប៉ុន្មាន នាង​នោះ​មាន​គភ៌​មែន ។ នាង​ប្រពន្ធ​ដើម​ដឹង​ដូច្នោះ ក៏​ផ្សំ​ថ្នាំ​លាយ​នឹង​ចំណី​ឲ្យ​នាង​នោះ​បរិភោគ ។ កូន​ដែល​ទើប​នឹង​ចាប់​បដិ​សន្ធិ​នៅ​ក្នុង​ផ្ទៃ​នោះ ក៏​រលូត​ចេញ​មក មួយ​លើក​ជា​ពីរ​លើក ។ លុះ​ដល់​លើក​ទី ៣ ឱសថ​ដែល​នាង​ប្រពន្ធ​ដើម​ផ្សំ​ឲ្យ​នោះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អន្តរាយ​ទារក ថែម​ទាំង​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ម្ដាយ​ផង ។ មុន​នឹង​ស្លាប់ នាង​នោះ​ដឹង​ថា “ខ្លួន​ដែល​ដល់​នូវ​សេចក្ដី​អន្តរាយ​នេះ មិន​គឺ​អ្នក​ឯ​ណា​ក្រៅ​អំពី​រូប​ប្រពន្ធ​ដើម​ជា​អ្នក​ធ្វើ​ឡើយ” ក៏​ចង​ពៀរ​វេរា​នឹង​នាង​ប្រពន្ធ​ដើម​ថា “មី​ប្រពន្ធ​ដើម​នេះ ចិត្ត​វា​ខ្មៅ​ណាស់ វា​ធ្វើ​ថ្នាំ​ពន្លូត​សម្លាប់​កូន​អញ មួយ​លើក​ជា​ពីរ​លើក លើក​នេះ​ស្លាប់​ទាំង​ខ្លួន​អញ​ទៀត ដើម្បី​នឹង​សះ​គំនុំ​ចិត្ត សូម​ឲ្យ​ខ្ញុំ​កើត​ជាតិ​ណា​ៗ​ទៅ ឲ្យ​បាន​ស៊ី​កូន​វា​វិញ” ថា​តែ​ប៉ុណ្ណេះ នាង​នោះ ក៏​ធ្វើ​មរណ​កាល​ទៅ ហើយ​អន្ទោល​យក​កំណើត​ជា​សត្វ​ឆ្មា ។ ឯ​ប្រពន្ធ​ដើម លុះ​ស្លាប់​ទៅ ក៏​ទៅ​យក​កំណើត​ជា​សត្វ​មាន់ ។ មេ​មាន់​នោះ កាល​បើ​បាន​ពង​ពេញ​សំបុក​កាល​ណា សត្វ​ឆ្មា​ទៅ​ខាំ​ស៊ី​អស់​រលីង លុះ​ដល់​កើត​ជា​គម្រប់​បី មេ​មាន់​ក៏​ចង​ពៀរ​នឹង​ឆ្មា​ថា “កើត​ជាតិ​ក្រោយ​សូម​ឲ្យ​បាន​ស៊ី​កូន​ឆ្មា​វិញ” រួច​ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ ។ លុះ​ជាតិ​ជា​បន្ទាប់​មក​ទៀត ឆ្មា​នោះ ក៏​អន្ទោល​ជាតិ​ជា​មេ​ម្រឹគ, ឯ​មេ​មាន់ ចាប់​កំណើត​ជា​សត្វ​ខ្លា ។ កាល​ណា​មេ​ម្រឹគ​សម្រាល​កូន ខ្លា​នោះ តែង​ទៅ​ខាំ​ស៊ី​កូន​អស់ គម្រប់​បី​លើក ដូច​ន័យ​មុន​ទៀត ។ ជាតិ​ជា​បន្ត​មក​ទៀត ខ្លា​នោះ ទៅ​កើត​ជា​នាង​កុលធីតា, ឯ​មេ​ម្រឹគ ទៅ​កើត​ជា​នាង​យក្ខិនី ។ ក្នុង​ពេល​ដែល​នាង​កុលធីតា​នោះ​មាន​កូន ស្រាប់​តែ​នាង​យក្ខិនី​នោះ ធ្វើ​ជា​ម្រាក់​មក​សួរ​សុខ​ទុក្ខ ហើយ​បន្លំ​ចាប់​កូន​នោះ​ស៊ី​ទៅ ។ លុះ​វារ​ជា​គម្រប់​បី នាង​កុលធីតា​នាំ​ប្ដី​ប្រពន្ធ​ព្រម​ទាំង​កូន​ទៅ​ងូត​ទឹក​ស្រះ ។ នៅ​ពេល​ដែល​ងូត​រួច ហើយ​បី​កូន​អង្គុយ​ចាំ​ប្ដី នាង​ចោល​ភ្នែក​ទៅ​ឃើញ​យក្ខិនី​ដើរ​សំដៅ​ពី​ចម្ងាយ​មក ។ នាង​យល់​ច្បាស់​នូវ​សេចក្ដី​អន្តរាយ ក៏​បី​កូន​ស្ទុះ​រត់​គេច ។ លុះ​រត់​ទៅ​ៗ ក៏​ទៅ​ដល់​វត្ត​ជេតពន គាប់​ជួន​ពេល​នោះ ព្រះ​ពុទ្ធ​អង្គ​កំពុង​ប្រទាន​ធម៌​ទេសនា នៅ​កណ្ដាល​ប្រជុំ​ជន​ពុទ្ធ​បរិស័ទ ។ នាង​កុលធីតា​ភ័យ​ណាស់ យក​កូន​ទៅ​ដាក់​ទៀប​ព្រះ​បាទ​ព្រះ​អង្គ ហើយ​ស្រែក​យំ​អង្វរ​ព្រះ​អង្គ​ថា សូម​ព្រះ​អង្គ​ជួយ​កុំ​ឲ្យ​យក្ខិនី​ស៊ី​បាន ។ នាង​យក្ខិនី​តាម​មក​ដល់​កំពែង​វត្ត លុះ​ឃើញ​មនុស្ស​កុះ​ករ មិន​ហ៊ាន​ចូល ក៏​ឈរ​រេរា​នៅ​ក្រៅ​កំពែង ។ ព្រះ​ពុទ្ធ​អង្គ ទ្រង់​ត្រាស់​ប្រើ​អានន្ទ​ទៅ​ហៅ​នាង​យក្ខិនី​នោះ​ឲ្យ​ចូល​មក ។ កាល​បើ​នាង​យក្ខិនី​នោះ​ចូល​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ​អង្គ ទើប​ព្រះ​អង្គ​ទ្រង់​នាំ​អតីត​និទាន “អំពី​ការ​ចង​ពៀរ ដែល​មិន​អាច​រម្ងាប់​ដោយ​ពៀរ” មក​សម្ដែង​ប្រាប់ រួច​ទ្រង់​ត្រាស់​ផ្សះ​ផ្សារ​នាង​ទាំង​ពីរ​នាក់ ឲ្យ​លែង​កាន់​ចិត្ត​គំនិត​គុំកួន​នឹង​គ្នា ហើយ​ឲ្យ​ទុក​ដាក់​គ្នា​ជា​បង​ជា​ប្អូន​តទៅ ។ នាង​យក្ខិនី​ទូល​សួរ​ព្រះ​អង្គ​ថា តើ​ឲ្យ​នាង​រស់​របៀប​ណា ? បើ​នាង​ធ្លាប់​តែ​រស់​ដោយ​ចាប់​មនុស្ស​សត្វ​ជា​អាហារ យ៉ាង​ហ្នឹង​ទៅ​ហើយ បើ​ព្រះ​អង្គ​ឲ្យ​នាង​កាន់​សីល តើ​នាង​អាច​នឹង​ចិញ្ចឹម​ជីវិត​បាន​បែប​ណា ? ។ កាល​នោះ ព្រះ​ពុទ្ធ​អង្គ ទើប​ត្រាស់​បង្គាប់​ឲ្យ​នាង​កុលធីតា​យក​នាង​យក្ខិនី​ទៅ​ចិញ្ចឹម ។ នាង​យក្ខិនី​នោះ ចេះ​មើល​ដំណើរ​ទឹក​ភ្លៀង ។ ហេតុ​នេះ​បើ​នាង​ដឹង​ថា ឆ្នាំ​នេះ​ភ្លៀង​តិច នាង​បង្គាប់​នាង​កុលធីតា​ឲ្យ​ធ្វើ​ស្រែ​ជ្រៅ បើ​ឆ្នាំ​នោះ មាន​ភ្លៀង​ច្រើន ត្រូវ​ធ្វើ​ស្រែ​ទួល ។ មិន​យូរ​ប៉ុន្មាន នាង​កុលធីតា ក៏​ទៅ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ ដោយ​សារ​បាន​ផល​ស្រូវ​ច្រើន ។ អ្នក​ជិត​ខាង ឃើញ​នាង​ធ្វើ​ស្រូវ​មិន​ដែល​ខុស​ឆ្នាំ​ណា​សោះ នឹក​ឆ្ងល់ ក៏​នាំ​គ្នា​ទៅ​សួរ នាង​ក៏​ប្រាប់​តាម​ដំណើរ ។ បន្ទាប់​មក តែ​ជិត​ដល់​រដូវ​ធ្វើ​ស្រែ អ្នក​ជិត​ខាង តែង​នាំ​គ្នា​យក​ចំណី​ទៅ​ជូន​នាង​យក្ខិនី ដើម្បី​សួរ​ដំណឹង​ទឹក​ភ្លៀង ។ ក្រោយ​មក នាង​យក្ខិនី​ដែល​ធ្លាប់​តែ​នៅ​ក្នុង​ព្រៃ កើត​ក្ដី​អផ្សុក មិន​ចេះ​នៅ​ក្នុង​ស្រុក​ដែល​ឮ​សូរ​តែ​សំឡេង​ត្បាល់​អង្រែ​មិន​ឈប់​ឈរ ក៏​សុំ​នាង​កុលធីតា​ទៅ​នៅ​ឯ​ស្រែ​ឆ្ងាយ​អំពី​ស្រុក​ភូមិ ។ នាង​កុលធីតា ក៏​ទៅ​សង់​រោង​មួយ​ឲ្យ​ទៅ​នៅ​ក្រៅ​ស្រុក ។ អ្នក​ស្រុក​អ្នក​ភូមិ ដែល​ធ្លាប់​តែ​យក​ឥវ៉ាន់​ទៅ​បូជា​នាង​យក្ខិនី​ដើម្បី​សួរ​ដំណឹង​ទឹក​ភ្លៀង ក៏​យក​ឥវ៉ាន់​តាម​ទៅ​បូជា​នាង​យក្ខិនី ឯ​ស្រែ​ឆ្ងាយ​នោះ​ទៀត ។
រឿង​បូជា​នេះ យូរ​ទៅ លុះ​អស់​អំពី​នាង​យក្ខិនី​ទៅ ក៏​ក្លាយ​ទៅ​ជា​ទំនៀម​បូជា​ព្រះ​ភូមិ ដើម្បី​ឲ្យ​ធ្វើ​ស្រូវ​បាន​ផល​ច្រើន​ទៅ​វិញ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print