Update ៖សមត្ថកិច្ច ចាប់ខ្លួននាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តតាកែវ រកឃើញគ្រឿងញៀនជាង២គីឡូក្រាម

ចែករំលែក៖

តាកែវ៖នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ លោកវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ និង ជនសង្ស័យឈ្មោះ កេន ចាន់រី ភេទស្រី ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ខ្លួនជាប់ជាមួយវត្ថុតាងគ្រឿងញៀនប្រហែល២គីឡូក្រាម ។

របាយការណ៍ពីសមត្ថកិច្ច ដែលទើបទទួលបាន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នេះ បង្ហាញថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បន្តចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះទៅឆែកឆេរក្នុងលំនៅដ្ឋានរបស់ជនសង្ស័យចំនួន២ទីតាំង ។

ទីតាំងទី១- នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងបាន អាវុធខ្លីចំនួន០២ដើម(ប្រើហ្គាស់)និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀមចំនួន០២ស្បោង។

ទីតាំងទី២- នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតវត្ថុតាងបាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print