ភ្នំពេញ៖ ក្រោយពីបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី២ហើយបោះឆ្នោតជ្រើសរើសមេដឹកនាំ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាថ្មី បន្តអាណត្តិទី៣ឆ្នាំ២០១៦-២០២០ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦រួច លោកមាស សារិន ក៏ទទួលបានការទុកចិត្តជាថ្មីម្តងទៀត ពីសមាជិកប្រតិបត្តិទាំង១៧នាក់ ដោយបោះឆ្នោតផ្តល់សិទ្ធិឲ្យលោកបន្តធ្វើប្រធានសហព័ន្ធ ហើយលោកសន្យាថា ឆ្នាំ២០១៦នេះនឹងស្នើសុំក្រសួងអប់រំយុវជននិងកីឡាដាក់បញ្ចូល ប្រភេទកីឡាប្រពៃណីមួយនេះទៅក្នុងកម្មវិធីអប់រំកាយរបស់សាលារៀននានាទូទាំងប្រទេស។
លោកប្រធានសហព័ន្ធថ្មីបន្តទៀតថា មូលហេតុដែលយើងចង់ដាក់បញ្ចូលកីឡាទាញព្រ័ត្រឲ្យមាន នៅតាមបណ្តាលសាលារៀន ក៏ព្រោះតែភាគីជប៉ុនបានផ្ញើរលិខិត មកសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជារួចហើយ ដោយគេចង់ឲ្យមានវត្តមានកីឡាទាញព្រ័ត្រកម្ពុជាក្នុងកីឡាអូឡាំពិកឆ្នាំ២០២០នៅទីក្រុងតូហ្យូប្រទេសជប៉ុន។
លោកបានបន្តទៀតថា ប្រសិនកីឡាទាញព្រ័ត្រកម្ពុជាអាចចូលក្នុងកីឡាអូឡាំពិកឆ្នាំ២០១២០បានពិតមែននោះ ធន់ធានមនុស្សដែលយើងអាចគិតថា មានសក្តានុពលអាចប្រមូលផ្តុំហ្វឹកហាត់បានគឺមានតែយុវជននៅតាមសាលារៀនប៉ុណ្ណោះជាកម្លាំងស្នូលពីព្រោះយុវជនតាមសាលាមានទេពកោសល្យច្រើន។
លោកមាស សារិន បានបញ្ជាក់ថា គោលបំណងរបស់សហព័ន្ធនៅថ្ងៃអនាគត់ គឺជំរុញកីឡាទាញព្រ័ត្រ ឲ្យទំនើបនិងមានសក្តានុពល សម្រាប់យុវជន ពិសេសសហព័ន្ធគ្រោងបង្កើតឲ្យមានវិញ្ញាសាប្រកួតជាលក្ខណៈឯកត្តជន ផ្នែកប្រយុទ្ធកម្លាំងដៃតាមប្រភេទទម្ងន់ជាមូលដ្ឋាន ដោយអនុវត្តទៅតាមរូបមន្តនិងបទបញ្ជាការប្រកួត មុនទាញខ្សែព្រ័ត្រវិញ្ញាសាប្រកួតក្រុមនោះ។
លោកបន្ថែមទៀតថា កីឡាទាញព្រ័ត្រគឺជាប្រភេទកីឡាប្រពៃណីជាតិខ្មែរ ទី១-ជាគោលការរបស់សហព័ន្ធបង្កើតឡើងក្នុងគោលបំណងរក្សាមរតកវប្បធម៌ឲ្យនៅគងវង់។ទី២-សហព័ន្ធនិងប្រែក្លាយសកម្មភាពកីឡាទាញព្រ័ត្រដើម្បីសង្គមជាតិ ពិសេសកសាងសាមគ្គីភាព ក្នុងស្រតបមហាជនឲ្យក្លាយ ទៅជាវេទិកាមួយផ្តល់នូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ។
គួររំលឹកថា មហាសន្និបាតសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាអាណត្តិទី៣ មានសមាសភាព គណៈកម្មការប្រតិបត្តិ១៧នាក់ ក្នុងនោះលោកមាន សារិនប្រធាន លោក តេកហេងអនុប្រធានទី១ លោកឯម ហៀងអនុប្រធាន លោកកែម ស៊ីហ៊ួត អនុប្រធាន លោកបានរីន អនុប្រធាន អ្នកស្រីប្រាក់ សម្ផស្ស អគ្គលេខាធិការ និងអ្នកស្រី សូ រ៉ាដេត អគ្គលេខាធិការរង។ចំណែកឯ១០នាក់ផ្សេងទៀតគឺជាសាមាជិកធម្មតា៕
ដោយ៖ សារីម