ខេត្តឧត្ដរមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ទៅភ្ជួរដីចម្ការសម្រាប់ដាំដំណាំស្រាប់តែភ្ជួរប៉ះចំគំនរគ្រប់មីនចំនួន២៣គ្រាប់កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅចម្ងាយ៣គីឡូម៉ែត្រពីភូមិទេព ឃុំបេង ស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ពលរដ្ឋឈ្មោះ យិន កន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិយាយទេព ឃុំបេង ស្រុកបន្ទាយអម្ពិល បានទៅភ្ជួរដីចម្ការប្រទះឃើញគ្រាប់មីនប្រភេទ ៧២A ចំនួន ២៣ គ្រាប់ នៅត្រង់ចំណុចគោកកឋិនខាងត្បូងភូមិចម្ងាយ៣គីឡូម៉ែត្រ។
ក្រោយមកគាត់បានរាយការណ៍មកលោកអនុសេនីយ៍ឯក ឈឿង ឆប នាយប៉ុស្តិ៍រដ្ឋបាលបេង ហើយលោកមេប៉ុស្តិ៍បានសហការជាមួយអង្គភាពដោះមីនកម្ពុជា ចុះទៅពិនិត្យដល់កន្លែងគ្រាប់មីន និង បានប្រគល់ជូនអង្គភាពដោះមីនកម្ពុជា យកទៅកម្ទេចចោលនៅកន្លែងដែលមានសុវត្ថិភាព។ បើយោង តាមការសន្និដ្ឋាន របស់សមត្ថកិច្ច គ្រាប់ទាំងនេះសេសសល់ពីសម័យសង្រ្គាម ៕
ដោយ៖ ប៉ែន នួន