ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ចុះអនុវត្តបណ្ដឹងរបស់ជនរងគ្រោះពាក់ព័ន្ធនឹងករណីលួច ។
ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងអំពើលួចខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលត្រាចបានប្រាប់ថា ជនសង្ស័យត្រូវបានកម្លាំងនាំខ្លួនឈ្មោះ សុខ តុលា ហៅរិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនសង្ស័យ(សុខ តុលា ហៅរិទ្ធ) បានធ្វើសកម្មភាពកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ។
នគរបាលប៉ុស្តិ៍ខាងលើបន្តថា ជនសង្ស័យ និងជនរងគ្រោះជាមនុស្សស្គាល់គ្នា។ នៅវេលាខាងលើជនសង្ស័យ(សុខ តុលា ហៅរិទ្ធ) បានជិះម៉ូតូឌុបមកផ្ទះជនរងគ្រោះឈ្មោះ សន វ៉ាន់ធឿន ខណៈនោះជនរងគ្រោះ(សន វ៉ាន់ធឿន)មិនបាននៅផ្ទះនោះទេ គឺមានតែកូនស្រីនៅខាងក្រោយផ្ទះ។ពេលនោះ ជនសង្ស័យទំនងឃើញឱកាសល្អ ក៏លួចយកម៉ូតូ១គ្រឿងម៉ាក SUZUKI X SOLO ១២៥CC ពាក់ស្លាកលេខ ភ្នំពេញ 1BM- 8681 ជិះយកទៅបាត់ ។
នគរបាលប៉ុស្តិ៍ដដែលបន្តទៀតថា បន្ទាប់ពីកូនស្រីទូរស័ព្ទប្រាប់អំពីរឿងរ៉ាវនេះភ្លាម ខ្លួន(សន វ៉ាន់ធឿន)បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ហើយជនសង្ស័យបានទទួលសារភាព។ ពេលនេះសមត្ថកិច្ចកំពុងបំពេញសំណុំបែបបទដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តនីតិវិធី ៕ ដោយៈ បុឹម ពិន