ភ្នំពេញ៖ យុវជនចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំបូល ឃាត់ខ្លួនក្រោយពេលពួកគេផឹកស្រាស្រវឹងហើយបានយកដែករន្ទារវាយទៅលើយុវជនម្នាក់ទៀតបណ្ដាលឲ្យបែកក្បាលហូរឈាមនិងដួលសន្លប់ស្ដូកស្តឹងនៅនឹងកន្លែង ខណៈយុវជនរងគ្រោះកំពុងតែធ្វើការងារជាមួយប្អូនស្រីម្នាក់ទៀតដោយមិនដឹងខ្លួននិងគ្មានទំនាស់អ្វីជាមួយពួកគេឡើយ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងការដ្ឋានសំណង់មួយកន្លែងស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល ។
ជនសង្ស័យខាងលើនោះទី១,ឈ្មោះនន់ ផៅ អាយុ២៥ មានទីលំនៅភូមិសខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ទី២,ឈ្មោះលីម សំអុល អាយុ២៣ឆ្នាំ ,ទី៣,ឈ្មោះនោក មុំ អាយុ២៦ឆ្នាំនិងទី៤,ឈ្មោះឈិត ចំណាន អាយុ២៣ឆ្នាំ ពួកគេមានមុខរបរជាកម្មករសំណង់ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ហើយស្រុកកំណើតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជាមួយគ្នាខុសតែភូមិប៉ុណ្ណោះ។ ចំណែជនរងគ្រោះឈ្មោះម៉ៅ ភាព អាយុ២៥ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ៖ នៅមុនពេលកើតហេតុក្រុមជនសង្ស័យបាននាំគ្នាផឹកសុីរហូតស្រវឹងធ្លាក់ភ្នែក ហើយខណៈជនរងគ្រោះកំពុងធ្វើការជាមួយនិងប្អូនស្រីម្នាក់ទៀតដោយមិនដឹងខ្លួន ស្រាប់តែជនសង្ស័យទាំងនេះយកដែករន្ទារទៅវាយក្បាលបណ្ដាលឲ្យ បែកហូរឈាមនិងដួលសន្លប់នៅនឹងកន្លែងតែម្ដង។ក្រោយពេលកើតហេតុជនដៃដល់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំបូលចុះទៅធ្វើការឃាត់ខ្លួនបានរួចនាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ រីឯជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដេររបួស៦ថ្នេរ៕
ដោយ ៖ សុខាសែនជ័យ