ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ
កាលបរិច្ឆេទ សតវត្សទី ១២សង់លើរចនាបទសម្ព័ន្ធសំណង់ពីរវាងចុងសតវត្សរ៍ទី ៦ និងដើមសតវត្សទី៧ (បច្ចុប្បន្នស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ)
នៅភាគខាងត្បូងនៃកំពែងក្រុងអង្គរបុរីមានកូនភ្នំតូចមួយដែលជាបូជនីយដ្ឋានដ៏សំខាន់បំផុតរបស់នគរភ្នំ(ហ្វូណន)ដែលអ្នកស្រុកហៅថាភ្នំដា នៅភាគខាងលើកំពូលភ្នំនោះមានប្រាសាទមួយគឺប្រាសាទភ្នំដាដែលកសាងឡើងដើម្បីឧទ្ទិសដល់ព្រះនរាយណ៍ជាអាទិទេពនៃព្រហ្មញ្ញសាសនា។
ប្រាសាទភ្នំដារស្ថាបនាបែរមុខទៅទិសខាងជើងមានប្លង់រាងបួនជ្រុងមានខឿននិងជញ្ជាំងសាងអំពីថ្មបាយក្រៀមនិង ផ្នែកដំបូលខាងលើសាងអំពីឥដ្ឋ។ដោយឡែកគ្រឿងលម្អស្ថាបត្យកម្មមេទ្វារ សសរពេជ្រ ផ្តែរនិង ហោជាងរបស់ច្រកទ្វារសាងអំពីថ្មភក់។
តាមរយៈលក្ខណៈស្ថាបត្យកម្មនិងគ្រឿងលម្អគេអាចកំណត់បានថា៖ ប្រាសាទនេះកសាងឡើង នៅក្នុងរវាងសតវត្សទី ១២នៃគ្រិស្តសករាជ(ឬមុននេះបន្តិច) ដោយមានគ្រឹះប្រាសាទដើមដែល បានស្ថាបនាក្នុងសម័យនគរភ្នំរវាងចុងសតវត្សទី ៦ និងដើមសតវត្សរ៍ទី ៧ នៃគ្រិស្តសករាជ។
ប្រាសាទនេះគឺស្ថិតក្នុងចំណោមប្រាសាទទោលដែលមានទំហំធំជាងគេក្នុងស្ថាបត្យកម្មខ្មែរ។
រីឯភស្តុតាងខាងបដិមាសាស្ត្រ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការបង្ហាញពីការបន្តនិរន្តរភាពនៃការគោរពប្រណិប័តន៍ ខាងនិកាយព្រះនារាយណ៍តាំងពីសម័យមុនអង្គរមក នោះគឺការរកឃើញ នូវបល្ល័ង្កព្រមជាមួយបដិមាព្រះនារាយណ៍មាន ព្រះហស្តប្រាំបី (កម្ពស់ ២ម៉ែត្រ៧០)ជាមួយបដិមាពីរផ្សេងទៀត ដែលសុទ្ធសឹងឋិតក្នុងរចនាបថភ្នំដា (ពីសតវត្សរ៍ទី៥ ដល់ទី៦)ហើយសព្វថ្ងៃរក្សានិងតាំងបង្ហាញនៅសារមន្ទីរជាតិរាជធានីភ្នំពេញ។
ក្រៅពីនោះ ហោជាង និងផ្ដែរ (សតវត្សរ៍ទី១២) បង្ហាញពីរឿងទាក់ទងនឹងព្រះនរាយណ៍ដែលមានបំណែកខ្លះបានយកទៅសារមន្ទីរអង្គរបុរីនៅខ្លះបានយកទៅសារមន្ទីរហ្គីម៉េ នាទីក្រុងប៉ារីសប្រទេសបារាំង។
ដោយសារអាយុកាលនិងសង្គ្រាមពីអតីតកាល ប្រាសាទនេះបានរងការខូចខាតខ្លាំង។
កាលពីឆ្នាំ ២០១៦ ប្រាសាទភ្នំដានេះជាប្រាសាទមួយក្នុងចំណោមប្រាសាទទាំង ២៤ស្ថានីយនៅភាគខាងត្បូងប្រទេសកម្ពុជាដែលអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជំនួយពីមូលនិធិឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកសម្រាប់អភិរក្សវប្បធម៌សម្រាប់ធ្វើផែនទីនិងតាមដានហានិភ័យ។
បន្ថែមទៀតនោះនៅប្រាសាទនេះមានការទល់ទ្រគាំពារតាមកន្លែងដែលប្រឈមនឹងហានិភ័យខ្ពស់ដើម្បីរក្សានូវលំនឹង របស់រចនាសម្ព័នសំណង់កាលពីឆ្នាំ ២០១៨។