ភ្នំពេញ៖ បុរសម្នាក់រួមដំណេីរជាមួយនារីម្នាក់ ជិះម៉ូតូ១គ្រឿងក្នុងល្បឿនយ៉ាងលឿន មកដល់ស្តុបលូប្រាំដោយខ្វះការប្រុងប្រយ័ត្នមិនបានបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តដែលកំពុងឆ្លងថ្នល់ចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជេីងឆ្វេងទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចស្តុបលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់និងនារីម្នាក់ទៀតជាអ្នករួមដំណេីរជាមួយ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1H-9873 បើកយ៉ាងលឿនក្នុងទិសដៅពីជេីងទៅត្បូង ខណៈបើកមកដល់ចំណុចកេីតហេតុខាងលេី ត្រង់ចំណុចស្តុបលូប្រាំ ដោយខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុករថយន្ត១គ្រឿងម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1286 ដែលកំពុងតែឆ្លងថ្នល់ចំពីខាងមុខពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូបាក់ជេីងឆ្វេងទាំងពីរនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខតិចតួចប៉ុណ្ណោះ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាបន្តនៅពេលក្រោយ៕
ដោយ ភារ៉ា ដង្កោ