ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Wang Wentain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” ។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់គិតគូ និងឆ្លើយតបជាវិជ្ជមានបានទាន់ពេលនូវសំណើដ៏ចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការនាំចេញផ្លែស្វាយស្រស់នៅកាន់ទីផ្សារចិន។
សូមបញ្ជាក់ថា៖ តាមរយ:ពិធីសារនេះ ដែរលោករដ្ឋមន្ត្រីក្នុងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួង លោកបានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន ដែលសមជាមិត្តដែកថែប និងជាដៃគូសហប្រតិបត្តិការដើម្បីការអភិវឌ្ឍក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ដោយឡែក ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់ ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជិតពីរឆ្នាំកន្លងមកនេះបានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិនដែលត្រូវការ ៨លានតោនក្នុង១ឆ្នាំ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាអំពី ពីនីតិវិធីនិងលក្ខខ័ណ្ឌតម្រូវ ហើយនិងបច្ចេកទេសមួយចំនួនដើម្បីឈានទៅធ្វើការអនុម័តលើឯកសារសំណើនាំចេញ ម្រេច មានប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថាកិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។
លោករដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថាតាមរយ:ការផ្លាស់ប្តូរពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីពិធីសារដ៏មានសារសំខាន់មួយនេះ។
សូមអនុញ្ញាតជម្រាបជូនថា តាមរយ:ការចរចាលើឯកសារពិធីសារនេះដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងស្វិតស្វាញ ស៊ីជម្រៅលើសំណុំឯកសារស្នើសុំរបស់ភាគីកម្ពុជា លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន និងបញ្ជីសមាសភាពចង្រៃដែលត្រូវបានហាមឃាត់ដោយភាគីចិន។ ក្រៅពីឯកសារផ្លូវច្បាប់ ទាក់ទងការងារបច្ចេកទេស និងឯកសាររដ្ឋបាល ភាគីទាំងពីរបានផ្លាស់ប្តូរគណប្រតិភូ និងមន្រ្តីជំនាញដើម្បីចុះមកពិនិត្យ និងធ្វើអធិការកិច្ចលើការអនុវត្តជាក់ស្តែងផ្នែកបច្ចេកទេសលើការដាំដុះ ការប្រមូលផលនៅចំការ និងរោងចក្រវេចខ្ចប់ និងជាពិសេសសង្កត់ធ្ងន់លើការធ្វើអនាម័យ និងភូតគាមអនាម័យ(SPS)។ ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ យុទ្ធសាស្រ្តអភិវឌ្ឍន៍ គ្រប់ជ្រុងជ្រោយ និង យូរង្វែង ដើម្បីប្រយោជន៍របស់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរបានឈានដល់ ការសម្រេចអនុម័តចុះហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” នាពេលនេះ។ គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ ក្រុមហ៊ុនម្ចាស់ចម្ការ ដែលមានផ្ទៃដីចំនួន ២១ ២៨៦ហិកតា។ បន្ទាប់ពីពិធីសារនេះចូលជា ធរមាន អគ្គនាយកដ្ឋានកសិកម្មនឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់ រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃ បញ្ចប់មុនឈានដល់ការនាំចេញបាន៕
ដោយ៖ សហការី