ខេត្ដបាត់ដំបង៖ អ្នកចម្ការម្នាក់បានរត់ភ័យស្លន់ស្លោទាំងព្រលឹងនៅចុងសក់ គ្រាដែលកំពុងភ្ជួរដីចម្ការនឹងត្រាក់ទ័រទើបតែបាន ២-៣ជុំស្រាប់តែប្រទះឃើញគ្រាប់មីនតោនមិនទាន់ផ្ទុះចំនួនពីរគ្រាប់ប៉ុនចានដែកត្រូវផាលត្រាក់ទ័រគាស់របើក ឡើងមកលើដីតែមិនផ្ទុះកាលពីវេលា ម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៦ នៅលើដីចម្ការមួយ កន្លែងស្ថិតក្នុងភូមិត្រញំងព្រលឹត ឃុំ សន្ដិភាព ស្រុកសំពៅលូន ខេត្ដបាត់ ដំបង ។
អ្នកបើកត្រាក់ទ័រឈ្មោះមឿង សាបន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅនៅ ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ជាអ្នកស៊ីឈ្នួលភ្ជួរដីដោយត្រាក់ទ័របានឱ្យដឹងថា គាត់បានមកស៊ីឈ្នួលភ្ជួរដី ចម្ការឱ្យឈ្មោះ កន រ៉ា ភេទប្រុសអាយុ ៣៥ឆ្នាំ បានពីរបីថ្ងៃមកហើយ ។ លុះមក ដល់ព្រឹកថ្ងៃកើតហេតុនៅពេលដែលគាត់ កំពុងតែភ្ជួរដីចម្ការបានចំនួន២-៣ជុំ នោះស្រាប់តែបានឃើញគ្រាប់មីនតោនចំនួនពីរគ្រាប់បានអណ្ដែតឡើងតាមផាល ត្រាក់ទ័រមកលើដីធ្វើឱ្យគាត់ភ័យស្ទើរលស់ ព្រលឹងប្រឹងរត់ចោលត្រាក់ទ័រនិងខំស្រែកឱ្យគេជួយ។ អ្វីដែលគាត់ស្មានមិនដល់គឺ គាត់គិតថាគ្រាប់មីននេះអាចផ្ទុះនៅពេល បន្ដិចទៀតដែលធ្វើឱ្យគាត់បាត់បង់ជីវិតមិនខាន តែពេលរត់ចោលត្រាក់ទ័របាន ជាង១០០ម៉ែត្រមិនឃើញផ្ទុះធ្វើឱ្យគាត់អរឡើងវិញ ហើយក៏បានរាយការណ៍ ប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងមន្ដ្រីអង្គភាពស៊ីម៉ាក់ដែលឈរជើងនៅក្នុង តំបន់នោះឱ្យចុះទៅត្រួតពិនិត្យភ្លាមៗ។
បន្ទាប់មកមន្ដ្រីស៊ីម៉ាក់បានចុះទៅ ដល់ធ្វើការសង្កេតអស់រយៈពេលយ៉ាងយូរ ទើបសន្និដ្ឋានថា គ្រាប់ទាំងនេះគឺជាប្រភេទ គ្រាប់មីនតោនដែលនៅសេសសល់មកពីសម័យសង្គ្រាម ហើយការមិនផ្ទុះគឺដោយ សារទម្ងន់សង្កត់របស់វាមិនធ្ងន់ដល់ កម្រិត បើដល់កម្រិតវិញមិនថាមនុស្សទេ សូម្បីតែត្រាក់ទ័រក៏គ្មានសល់បំណែកដែរ ។
ចំណែកលោកកន រ៉ា ដែលជាម្ចាស់ដី ចម្ការនេះបាននិយាយថា កន្លងមកដី ចម្ការនេះលោកធ្លាប់បានភ្ជួរធ្វើចម្ការ អស់រយៈពេលជាង១០ឆ្នាំមកហើយមិន ដែលមានបញ្ហាអ្វីកើតឡើងនោះទេ ទើប តែថ្ងៃនេះស្រាប់តែគ្រាប់មីនបានអណ្ដែត ឡើងពិតជាគួរឱ្យភ័យខ្លាចខ្លាំងណាស់។
ទោះជាយ៉ាងណានៅព្រឹកថ្ងៃដដែលនោះ មន្ដ្រីស៊ីម៉ាក់បានរាយការណ៍ទៅអាជ្ញាធរដែនដីនិងជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យដឹងពីបញ្ហានេះព្រមទាំងរៀបចំកម្ទេចគ្រាប់មីនតោននេះនៅនឹងកន្លែងកើត ហេតុតែម្ដងដោយសុំកុំឱ្យភ័យ ៕
ដោយ៖ ប្រាថ្នា