ខេត្ដកណ្ដាល៖ អាជ្ញាធរខេត្ដកណ្ដាលបានចាត់វិធានការក្ដៅទៅលើអាជីវកម្ម ដឹកខ្សាច់ដែលជាការឆ្លើយតបតាមសំណូមពររបស់ពលរដ្ឋទើបអាជ្ញាធរ ស្រុកកណ្ដាលស្ទឹងសហការជាមួយកង រាជអាវុធហត្ថចុះបិទផ្លូវតាមភូមិសាស្ដ្រនានាដែលមានរណ្ដៅដីដើម្បីទប់ស្កាត់ ការដឹកខ្សាច់អនាធិបតេយ្យនៅក្នុងភូមិសាស្ដ្រស្រុកកណ្ដាលស្ទឹង ។
លោក អ៊ូច សាវឿន អភិបាលរង ស្រុកកណ្ដាលស្ទឹងដែលបានដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះដាក់លូបិទផ្លូវបានមានប្រសាសន៍ថា បន្ទាប់ពីសង្កេតឃើញ ការដឹកដីដឹកខ្សាច់កើតមានយ៉ាងអនា ធិបតេយ្យនៅតាមដងផ្លូវនានានៅក្នុង ភូមិសាស្ដ្រស្រុកកណ្ដាលស្ទឹងបង្កឱ្យខូចផ្លូវនិងប៉ះពាល់ដល់សុខភាពប្រជាពល រដ្ឋជិតខាងនោះអាជ្ញាធរខេត្ដបានចាត់ វិធានការឱ្យអាជ្ញាធរស្រុកសហការជា មួយកម្លាំងនគរបាលនិងកម្លាំងកងរាជ អាវុធហត្ថចុះដាក់លូបិទផ្លូវបណ្ដោះ អាសន្ននៅក្នុងភូមិឃុំនានាដើម្បីបញ្ឈប់ជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយសមស្របណាមួយជាក្រោយ ។
លោកបញ្ជាក់ថា កន្លងមកអាជ្ញាធរ ធ្លាប់បានជូនដំណឹងជារឿយៗទៅដល់ ក្រុមអាជីវកររកស៊ីដឹកដីដឹកខ្សាច់ឱ្យជួយថែរក្សាផ្លូវកុំឱ្យខូចខាត ពិសេសត្រូវចាក់ ទឹកជាប្រចាំជៀសវាងធ្វើឱ្យដីហុយប៉ះ ពាល់ដល់សុខភាពពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសកុមារតូចៗនិងមនុស្ស ចាស់ដែលអាចបង្កឱ្យមានជំងឺផ្សេងៗ ដូចជាជំងឺរលាកសួត ផ្លូវដង្ហើម និងជំងឺ របេងជាដើម ប៉ុន្ដែពួកគេហាក់មិនសូវ អើពើនិងយកចិត្ដទុកអនុវត្ដនោះទេគឺ ប្រចាំគ្នាទៅវិញទៅមក ។
លោក ស៊ុន កុសល រស់នៅក្នុងភូមិ ក្រូចឃុំរកាបាននិយាយថា ករណីរថ យន្ដដឹកខ្សាច់និងដឹកដីនេះបានកើតមាន គ្រប់ច្រកល្ហកនៅស្រុកកណ្ដាលស្ទឹងនេះ ហើយការដឹកជញ្ជូននេះមិនមែនទើបតែកើតឡើងនោះទេគឺកើតឡើងជាប្រពៃណី ជាយូរយារណាស់មកហើយមិនថាពេលយប់ឬពេលថ្ងៃឡើយ ។ បើនៅពេលថ្ងៃ គេដឹកហុយសំពោងសូម្បីអង្គុយជុំគ្នា លេងមុខផ្ទះក៏មិនកើតផង ពិសេសពេល មានបងប្អូនមកលេងផ្ទះគេតែងរអ៊ូរទាំ នៅអង្គុយមិនបានប៉ុន្មានផងគេទៅវិញ អស់ ។ ចំណែកនៅពេលយប់ចាប់ពី ម៉ោង២រំលងអធ្រាត្រទៅសំឡេងរថយន្ដដឹកខ្សាច់លាន់ឮរំពងពេញភូមិរកដេករកពួនមិនបានទេ ពិសេសកម្មកររោងចក្រ ដេកមិនបានគ្រប់គ្រាន់ប្រឹងងើបទៅធ្វើ ការនាំឱ្យប៉ះពាល់ដល់សុខភាពផងដែរ ។
លោកបានប្រាប់ដែរថា រណ្ដៅបូម ខ្សាច់នៅក្នុងស្រុកកណ្ដាលស្ទឹងនេះភាគ ច្រើនសុទ្ធតែខុសបច្ចេកទេសដូចជា ករណីរណ្ដៅបូមខ្សាច់របស់ឈ្មួញម្នាក់ ឈ្មោះរិទ្ធ នៅក្នុងភូមិដើមឫស ឃុំដើម ឫស គឺនៅកៀកផ្លូវជាតិតែម្ដងហើយបើ ទោះជាមានចំណាត់ការក្ដៅរបៀបនេះក្ដីក៏ការដ្ឋានមួយនេះមិនបានបញ្ឈប់សកម្ម ភាពដែរ ។
សូមបញ្ជាក់ថា រណ្ដៅដីរណ្ដៅខ្សាច់ នៅក្នុងស្រុកកណ្ដាលស្ទឹងកើតមានគ្រប់កន្លែងដូចរន្ធបាយខុំដែលមានក្រុមហ៊ុន ធ្វើអាជីវកម្មយ៉ាងហោចណាស់ក៏ជាង ២០ក្រុមហ៊ុនដែរទាំងក្រុមហ៊ុនស្រប ច្បាប់និងក្រុមហ៊ុនមិនមានច្បាប់ហើយ ក្រុមហ៊ុនភាគច្រើនជីករណ្ដៅបូមខ្សាច់ គ្មានបច្ចេកទេសបណ្ដាលឱ្យបាក់ដីស្រែ ពលរដ្ឋនិងខ្លះទៀតជីកក្បែរផ្លូវជាតិនាំឱ្យមានការបារម្ភពីការបាក់ស្រុតផ្លូវថ្នល់ ទៅថ្ងៃខាងមុខ ។
ប្រជាពលរដ្ឋស្រុកកណ្ដាលស្ទឹងបានសាទរទៅនឹងចំណាត់ការរបស់អាជ្ញាធរ ប៉ុន្ដែពួកគាត់សំណូមពរឱ្យអាជ្ញាធរចាត់វិធានការដូចភ្លៀងរលឹមមុននឹងអនុញ្ញាតឱ្យដឹកដីខ្សាច់នេះឡើងវិញត្រូវដោះ ស្រាយឱ្យបានចប់សព្វគ្រប់ជៀសវាង ផលប៉ះពាល់មកលើពលរដ្ឋដូចពេល កន្លងមក ៕
ដោយ៖ ហេង សូរិយា