ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយលួចសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីកម្លាំងសហការចុះត្រួតពិនិត្យ និងស្រាវជ្រាវពាក់ព័ន្ធករណីចោរកម្ម នាសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នេះ មានករណីគាស់ទម្លុះទម្លាយលួចសម្ភារមន្ត្រីធនធានទឹក និងឧតុនិយម ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចំនួន ២នាក់ ។

ប្រភពព័ត៌មានខាងលើបន្តថា មុខសញ្ញាជនសង្ស័យដែលត្រូវបានកម្លាំងឃាត់ខ្លួនទី១- ឈ្មោះ ទេព សុខឡា ហៅប្រុស ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី២-ឈ្មោះ រុន រ៉ាត់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ខណៈពួកគេជាប់ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយបន្ទប់ស្នាក់នៅរបស់មន្ត្រីធនធានទឹក និងឧតុនិយម ដើម្បីលួចយកសម្ភារ។ ចំពោះសម្ភារបាត់បង់រួមមាន តុបាយចំនួន ២, បេនម៉ូតូ និងបេនម៉ាសុីនភ្លើងចំនួន ២គ្រឿង, កង្ហារធំចំនួន៨គ្រឿង, កង់ម៉ូតូចំនួន២, ឈើប្រណីត(ធ្នង់.នាងនួន និងម្រេញ) សរុបចំនួន ៦០០គីឡូក្រាម, ម៉ូទ័រខាត់, ស្វាន និងម៉ាស៊ីនឈូសឈើចំនួន ៤គ្រឿង, ម៉ាស៊ីនត្រជាក់ និងម៉ូទ័រញាក់ចំនួន ២គ្រឿង, កង្ហារបឺតក្លិនចំនួន ១០គ្រឿង រួមទាំងគ្រឿងម៉ាស៊ីនមួយចំនួនទៀត និងផ្ទាំងសឡាទំហំ៤០មិល្លីម៉ែត្រ គុណនឹងទំហំ ៦០មិល្លីម៉ែត្រផងដែរ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ជនរងគ្រោះឈ្មោះ ឆាត ខុម ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានស្នាក់នៅប្រចាំការទំនប់ទី៣ ស្ថិតនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បច្ចុប្បន្ន ជនសង្ស័យជាមុខសញ្ញាទាំង ២នាក់ រួមទាំងសម្ភារជាវត្ថុតាងបានរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបំពេញសំណុំឯកសារ ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print