អន្តរជាតិ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងសវនាការនៅតុលាការស្រុក Hennepin លោកចៅក្រម Jeannice Reding បានកំណត់ឲ្យលោក Derek Chauvin អតីតមន្ត្រីប៉ូលីសក្នុងទីក្រុង Minneapolis ដែលសង្កត់ក លោក ចច ហ្វ្លយដ៍ (George Floyd ) តម្កល់ប្រាក់យ៉ាងតិចចំនួន១លានដុល្លារ ដើម្បីស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន និងរង់ចាំការកាត់ទោស។ ដោយប៉ូលីសរូបនេះ ត្រូវបានចោទពីបទឃាតកម្មកម្រិតពីរ ជុំវិញករណីស្លាប់របស់លោក Floyd ដែលបង្កឲ្យមានបាតុកម្មហិង្សាពេញអាមេរិក។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ការតម្កល់ប្រាក់នេះ លោក លោក ចច ហ្វ្លយដ៍ (George Floyd )អាចធ្វើឡើងតាមវិធីពីរយ៉ាង។ បើតាមលោកចៅក្រម លោក Chauvin អាចប្រាក់តម្កល់ចំនួន ១លានដុល្លារ ដោយមានភ្ជាប់លក្ខខណ្ឌ និង១,២៥លានដុល្លារ ដោយមិនភ្ជាប់លក្ខខណ្ឌ។ លក្ខខណ្ឌនេះ ទាមទារឲ្យអតីតប៉ូលីស មិនកាន់កាំភ្លើង ហាមធ្វើការនៅក្នុងកងសន្តិសុខ ឬកងការពារផ្សេងៗ ហាមចាកចេញពីទីក្រុង Minneapolis និងហាមទាក់ទងជាមួយក្រុមគ្រួសាររបស់លោក Floyd ។
សវនាការបន្ទាប់ ត្រូវបានលោក Reding កំណត់នៅថ្ងៃទី២៩ ខែមិថុនា ដើម្បីជំនុំជម្រះក្តីលើរឿង George Floyd ម្តងទៀត។ នាពេលកន្លងមក លោក Chauvin ត្រូវបានគេចោទពីបទឃាតកម្មកម្រិតពីរ ចំណែកអតីតប៉ូលីស ៣នាក់ទៀត ដែលមានពាក់ព័ន្ធជាមួយករណីនេះដែរ ត្រូវគេចោទពីបទ ផ្តល់ជំនួយ និងលើកទឹកចិត្តឲ្យប្រព្រឹត្តបទឃាតកម្មកម្រិតពីរ។
បន្ទាប់ពីករណីស្លាប់របស់លោក Floyd បាតុកម្មទ្រង់ទ្រាយធំ បានកើតឡើងជាច្រើនកន្លែងនៅក្នុងទឹកដីអាមេរិក ហើយបញ្ហាការស្លាប់នេះក៏បានបង្កឲ្យប្រជាជននៅក្នុងប្រទេសអឺរ៉ុបមួយចំនួន ធ្វើបាតុកម្មនៅទីនោះផងដែរ៕ដោយ៖ស តារា