ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវបានជនសង្ស័យ២នាក់យកកាំភ្លើងខ្លីបាញ់ប្រហារចំនួន៥គ្រាប់បណ្ដាលឲ្យរបួសធ្ងន់។បន្ទាប់ពីបាញ់ប្រហារួចហើយ ជនសង្ស័យទាំង២នាក់បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ ករណីប៉ុនប៉ងមនុស្សឃាតនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧ៈ០០នាទី នៅចំណុចផ្ទះឈ្មោះ ហឿន ឈុន ស្ថិតភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហឿន ឈុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ
មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល(រងរបួសចំខ្នងចំនួន៤កន្លែងនិងជេីងចំនួន១កន្លែង)។ ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះរី ហៀង ហៅ(ត្រងោល) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន) និងទី២-ឈ្មោះ ស្រ៊ន ជិៈភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល(គេចខ្លួន)។ ដោយឡែកវត្ថុតាងដកហូតបាននមាន សំបកគ្រាប់កាំភ្លើងចំនួន២គ្រាប់, ក្បាលគ្រាប់ចំនួន១គ្រាប់,ស្រោមដាវពណ៌ខ្មៅចំនួន១។
ប្រភពដដែលបន្តថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះឈ្មោះ ហឿនឈុន បានទៅទិញបារីនៅផ្ទះឈ្មោះ ឈួន អុីម ភេទស្រី អាយុ៤៣ឆ្នាំ ស្រាប់តែពេលនោះជនសង្ស័យឈ្មោះស្រ៊ន ជិៈបានវាយជនរងគ្រោះបីទៅបួនដៃ ហេីយរត់ទៅរោងគោរបស់ឪពុកនៅជិតនោះ ចំណែកជនរងគ្រោះក៏បានដេីរមកផ្ទះរបស់ខ្លួនវិញដែរ។ លុះបានមួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យឈ្មោះស្រ៊ន ជិៈ បានទូរសព្ទ័ហៅជនសង្ស័យម្នាក់ទៀតឈ្មោះរី ហៀង ឲ្យមករោងគោឪពុករបស់ខ្លួន ហើយក៏បានជិះម៉ូតូឌុបគ្នាមកឈប់ពីមុខផ្ទះជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ស្រ៊ន ជិៈ បានចុះពីលេីម៉ូតូដោយកាន់ដាវមួយដេីម ចំណែកឈ្មោះ រី ហៀង បានកាន់កាំភ្លេីងខ្លីមួយដេីមមិនស្គាល់ម៉ាកចុះពីលេីម៉ូតូដេីរចូលទៅផ្ទះឈ្មោះ ហឿន ឈុន រួចបានបាញ់ប្រហារទៅលេីជនរងគ្រោះឈ្មោះហឿន ឈុនចំនួន៥គ្រាប់ ចំខ្នងខាងក្រោយចំនួន៤គ្រាប់និងចំជេីងខាងស្តាំចំនួន១គ្រាប់។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំងពីរនាក់បានឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ ចំណែកជនរងគ្រោះឈ្មោះហឿនឈុនត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
បន្ទាប់ពីមានករណីនេះកើតឡើង សមត្ថកិច្ចស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ ចុះទៅពិនិត្យកន្លែងកើតហេតុ រួចកសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យទាំង២នាក់ចាប់យកមកចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ករណីខាងលេីនេះកេីតចេញពីរឿងគំនុំ៕ ស្អាងជ័យ