លេចការរិះគន់ខ្លាំងៗលើបទចម្រៀង«កណ្ដៀវអូនស្រួយ»​

ចែករំលែក៖


ភ្នំពេញ៖ បទចម្រៀង«កណ្ដៀវអូនស្រួយ» ដែលច្រៀងដោយអ្នកចម្រៀងមិន​ធ្លាប់ស្គាល់ម្នាក់ឈ្មោះ បរ៉ាម៉ី រងការរិះគន់ខ្លាំងៗពីសំណាក់ទស្សនិកជនជាច្រើនបន្តបន្ទាប់។ រិះគន់ព្រោះតែបទចម្រៀងនេះមានបង្កប់ដោយពាក្យពេជ្រអសីលធម៌ជាច្រើននៅពេលដែលគន្លាស់កាត់នោះ។
​បទចម្រៀងខាងលើត្រូវបានបញ្ចេញលើ Chanel វីដេអូ Youtube ឈ្មោះ DomRey (ដំរី) និងបណ្តាញសង្គម Facebook មិនបានប៉ុន្មានម៉ោងផង ត្រូវបានសំពងដោយពាក្យរិះគន់​មិនសំច្ចៃមាត់ពីមហាជន ថាជាបទចម្រៀងដែលមិនមានលក្ខណៈសិល្បៈ បង្កប់ដោយពាក្យ​អសុរស អសីលធម៌បែបពាលាអាវ៉ាសែ។ បទចម្រៀងនេះនិពន្ធទំនុកច្រៀង និងបទភ្លេងដោយអ្នកនិពន្ធរហ័សនាម ទេវបុត្រខ្មៅ។ អ្នករិះគន់ជាច្រើនលើកឡើងស្រដៀងគ្នាថា ហេតុតែចង់ល្បីទោះបីជាត្រូវបញ្ចេញបទចម្រៀង បែបអន់ៗក៏អាចធ្វើបានដែរ។ ក្រៅពីការរិះ​គន់លើអ្នកចម្រៀង និងអ្នកផលិតនោះ ក៏លេចចេញការស្នើសុំឲ្យក្រសួងពាក់ព័ន្ធ ពិសេស​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការណាមួយជាបន្ទាន់ដើម្បីបញ្ចប់សកម្មភាព រូបភាពសិល្បៈដែលនាំឲ្យជះឥទ្ធិពលមិនល្អសម្រាប់សង្គមមួយនេះផងដែរ។ អ្នករិះគន់ខ្លះ​ចំអក​ឲ្យអ្នកទស្សនាវិញថា បទចម្រៀងដែលបង្កប់ដោយអត្ថន័យខ្លឹមសារបែបអប់រំ មិនសូវ​មានអ្នកចាប់អារម្មណ៍ ឬចែករំលែកទេ គឺចាប់អារម្មណ៍តែបទចម្រៀងបែបនេះទើបធ្វើឲ្យ​អ្នកផលិត និងអ្នកច្រៀងហ៊ានលោតឆ័ត្រដើម្បីប្តូរយកភាពល្បីល្បាញ។
​​ក្រោយការរិះគន់នេះដែរលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈ​ស្ម័គ្រចិត្តជួយសង្គម ក៏បាន​​បង្ហើបនូវ​ចំណាត់​ការ​​របស់​ក្រសួង​វប្បធម៌ដែលលោកលើកឡើងថាអរគុណដល់ក្រុមប្រឹក្សា​ពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ ដែលកំពុងតែមានចំណាត់​ការដើម្បី​ស្នើសុំឲ្យលុប​បទនេះចេញពីបណ្ដាញ youtube»។លោកបង្ហើបដែរថា ក្រសួងក៏បាននិងកំពុងស្វែងរកម្ចាស់ផលិតកម្ម ដើម្បីធ្វើការណែនាំនិងចាត់វិធានការផងដែរ។
​គួរបញ្ជាក់ផងដែរថារាល់ស្នាដៃសិល្បៈចម្រៀងដែលចេញផ្សាយទាំងអស់នៅលើទីផ្សារ ឬលើបណ្តាញសង្គមទាំងអស់មិនត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងវប្បធម៌នោះទេ ។ បើទោះបីជាយ៉ាងណាកន្លងទៅក្រសួងក៏ធ្លាប់ធ្វើការអប់រំ ណែនាំ និងព្រមានមួយចំនួនទៅកាន់​អ្នក​និពន្ធ ឲ្យបញ្ចប់ការនិពន្ធ និងផលិតស្នាដៃ ទាំងជាសារ និងរូបភាព ដែលធ្វើឲ្យប៉ះពាល់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។ ថ្មីៗនេះបទចម្រៀង​មួយចំនួន​ដូចជា បទ “ចាក់សាំង” បទ” អូនធំ” និងបទចម្រៀងមួយចំនួនទៀត​ត្រូវបានក្រសួង​ធ្វើការហាមមិនឲ្យធ្វើការផ្សព្វផ្សាយព្រោះតែបទទាំងនោះបានបង្កង់ដោយអត្ថន័យអសីលធម៌ និងធ្វើឲ្យប៉ះពាល់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print