ភ្នំពេញ៖ គណៈកម្មាធិការកីឡាយុទ្ធសិល្ប៍ បានកោះប្រជុំក្រុមអ្នកចេះក្បាច់គុនទាំង១២ប្រភេទប្រកីឡានៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី២១ខែមករាឆ្នាំ២០១៦ គ្រោងជួបជុំគ្នា ដើម្បីបង្ហាញពីសមត្ថភាពម្តងម្នាក់ ឬក៏ម្តង១ក្រុមម្តងបន្ទាប់ហ្វឹកហាត់រយៈពេល១ឆ្នាំ ក្នុងកម្មវិធីរាត្រីយុទ្ធគុនលើកទី២ ក្រោប្រធានបទ “ក្បាច់ខុសគ្នាទស្សនវិជ្ជាតែមួយ” ហើយក៏ ជាកម្មវិធីដ៏កម្រដែលអ្នកចេះគុនផ្សេងៗ ក្នុងគោលបំណងបង្ហាញពីភាពសុខខុដុមរមនាកម្មក្នុងសង្គមតែមួយ។
លោកឧត្តមនាយឧត្តមសេនីយ៍ ណឹប សុវត្ថិ ប្រធានគណៈកម្មាធិការយុទ្ធសិល្ប៍ កម្ពុជាមានប្រសាសន៍ថា នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែល ជាការជួបជុំ គ្នានៃអ្នកក្បាច់គុនធំៗរបស់កម្ពុជា ក្នុងនោះមានទាំងគ្រូ ចាស់ៗព្រមទាំងអ្នកក្បាច់គុនជំនាន់ក្រោយ។
លោកឧត្តមសេនីយ៍ មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមទិសស្លោក “ក្បាច់គុនខុសគ្នាទស្សនវិជ្ជាតែមួយ” ពីព្រោះកម្មវិធីនេះគឺជាការជួបជុំគ្នាដ៏កម្ររវាងអ្នកក្បាច់គុននៃកីឡាមិន អូឡាំពិក ក្នុងគោលបំណងបង្ហាញពីភាពសុខខុដុមរមនាកម្មក្នុងសង្គមតែមួយប្រកបដោយមិត្តភាពសាមគ្គីភាព ដើម្បីរួបរួមគ្នាអភិវឌ្ឍន៍ ថែរក្សាសន្ដិភាព។
ឧត្តមសេនីយ៍រូបនេះបានបន្តទៀតថា ក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនលើកទី១កាលពីឆ្នាំ២០១៥ ក្រុមកីឡាករកីឡាការិនី ចំណាត់ថ្នាក់លេខ១ បានទៅក្បាច់គុនល្បុក្តតោសៀមរាប, លេខ២តេក្វាន់ដូស្ទីល ITF និង លេខ៣ វ៉ូវីណាម។ចំពោះជ័យលាភីផ្នែកសម្តែងជាមួយអាវុធឯកត្តជន ចំណាត់ថ្នាក់លេខ១ បានទៅក្រុមក្បាច់គុនគូមូដូ លេខ ២ វ៉ូវីណាម និង លេខ ៣ ល្បុក្កតោ។
លោក វ៉ាត់ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ក្នុងព្រឹត្តិការនេះមានកីឡាយុទ្ធសិល្ប៍ចំនួន១២ប្រភេទចូលរួមប្រកួតដូចជាទី១- ល្បុក្កតោដែលជាក្បាច់គុនរបស់កម្ពុជា ទី២-តុងហ្គីលមូដូទី៣-ហាប់គីដូដែលជាក្បាច់គុនរបស់ កូរ៉េខាងត្បូង ទី៤-តេក្វាន់ដូស្ទីល ITF របស់កូរ៉េខាងជើងទី៥-ហៃគីដូ ទី៦-គូមូដូ ទី៧-គែនដូទី៨ការ៉ាតេដូជាក្បាច់គុនជប៉ុនទី៩- វ៉ួស៊ូក្បាច់គុនរបស់ចិនទី១០-វ៉ូវីណាម ក្បាច់គុនវៀតណាម ទី១១- បញ្ចសីលា ក្បាច់គុនរបស់ឥណ្ឌូណេស៊ី និងទី១២-យ៉ុងម៉ូដូក្បាច់គុនកូរ៉េខាងត្បូង។
លោកបានបន្ថែមទៀតថា កីឡាករកីឡាការិនីនៃ ក្បាច់គុននីមួយៗនឹងធ្វើការសម្តែងជាក្រុម ចាប់ពី ២ នាក់ទៅ១០នាក់មានរយៈពេលមិនលើសពី៥នាទី ទាំងក្បាច់ ប្រយុទ្ធក្បាច់ការពារខ្លួនតាមប្រភេទក្បាច់គុននីមួយៗក្នុងក៏មានការ បង្ហាញពីលក្ខណៈពិសេសរបស់ខ្លួនផងដែរ ៕
ដោយ៖ សារីម