រាជធានីភ្នំពេញ ដាំកូនឈើធ្នង់ចំនួន១០០ដើមបន្ថែមទៀតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល ដើម្បីបង្កើនសម្រស់ធម្មជាតិបរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឱ្យរាជធានីភ្នំពេញជារាជធានីមួយមានពណ៌បៃតង មានបរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការដាំដើមឈើ ហើយបើគិតមកដល់ពេលនេះ ទាំងដើមឈើចាស់និងដើមឈើដាំថ្មី នៅក្នុងរាជធានីភ្នំពេញមានដើមឈើ ប្រមាណជាងប្រាំម៉ឺនដើមហើយ។

លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ រួមជាមួយអភិបាលរងខណ្ឌ បានសហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដឹកនាំមន្រ្តីសាលាខណ្ឌ លោកចៅសង្កាត់ ប្រជាការពារសង្កាត់ និងកម្លាំងសន្តិសុខសាលាខណ្ឌចូលរួមដាំកូនឈើធ្នង់ចំនួន១០០ដើមបន្ថែមទៀតតាមបណ្តោយផ្លូវជាតិលេខ៤ដើម្បីលើកកម្ពស់សោភណភាពទីក្រុងបៃតងក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ ។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឱ្យដឹងថា កូនឈើទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយជាគម្រោងរបស់លោកអភិបាលរាជធានី គ្រោងនឹងដាំបន្តចំនួន៦០០ដើមថែមទៀតដើម្បីរួមចំណែកថែរក្សាបរិស្ថានតាមដងផ្លូវ និងបង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ។

លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ឱ្យដឹងហើយថា នៅក្នុងឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានដាំដើមឈើ ប្រណិីតៗនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ( មហាវិថីសម្ដេចតេជោហ៊ុន សែន) បានចំនួន ១៥.០០០ដើម នៅតាមដងផ្លូវសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌទួលគោកបានចំនួន៣០០ដើមនៅក្នុងមូលដ្ឋានខណ្ឌកំបូលមានចំនួន៥០០ដើម នៅគល់ស្ពានជ្រោយចង្វាត្រើយខាងលិចក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញមានចំនួន៣០០ដើម ។

សម្រាប់ដើមឈើដែលបានដាំតាំងពីមុន និងដើមឈើដែលបានដាំបន្ថែមនាពេលបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានដើមឈើសរុបប្រមាណជា៤៥.០០០ដើម ទៅ៥ ម៉ឺនដើមហើយ។ ដើមឈើទាំងអស់មិនត្រឹមតែបានលើកសោភណភាពរាជធានីភ្នំពេញឲ្យក្លាយជាទីក្រុងមានពណ៌បៃតងប៉ុណ្ណោះទេ ប៉ុន្តែដើមឈើមានសារៈប្រយោជន៍យ៉ាងច្រើនទៅលើផ្នែកបរិស្ថាន ជួយកាត់បន្ថយជាតិពុល ដែលកើតចេញពីយានយន្តនានាដែលបាននិងកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ ៕ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print