ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលហូរឈាមសន្លប់ស្ដូករខណៈដែលជិះម៉ូតូទៅបុករថយន្តក្នុងទិសដៅបញ្រ្ចាសទិសគ្នា កាលពីវេលាម៉ោង២១ និង២០នាទីយប់នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកហុងដា សុីទី សេ១០០ គ្មានស្លាកលេខ ពណ៌ព្រីងទុំ បើកបរដោយឈ្មោះរស់ សំអឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយធ្វើដំណើរពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏ទៅបុកប៉ះនិងរថយន្ត១គ្រឿង ម៉ាកតូយូតាកាមរី បាឡែន ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2U-3925 បើកបរដោយឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករមានទីលំនៅ រាជធានីភ្នំពេញ បញ្ច្រសទិសគ្នាយ៉ាងពេញទំហឹងធ្វើអោយមនុស្សខ្ទាតជិត៥ម៉ែត្ររីឯម៉ូតូដាច់ជា២កំណាត់។
ក្រោយមកអ្នកបើកបររថយន្តបានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុភ្លាមៗបន្សល់រថយន្តនៅនិងកន្លែង។ បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ ផាសុខភាព២ បាវិត រីឯវត្ថុតាងទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដោះស្រាយតាមច្បាប់។
មូលហេតុដោយសារអ្នកបើកម៉ូតូជែងក្នុងស្ថានភាពមានគ្រោះថ្នាក់៕
ដោយ៖ យឹម សុថាន