ភ្នំពេញ ៖ ពេលមេឃកំពុងធ្លាក់ភ្លៀងអស់រយៈពេលជាង១ម៉ោងនៅក្នុងសង្កាត់ច្បារអំពៅទី១ និងច្បារអំពៅទី២នោះ នៅវេលាម៉ោង៣ៈ៣០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងភ្លៀងកំពុងតែធ្លាក់ ចុះកើបកាយយកកាកសំណល់ចេញពីមាត់លូដើម្បីឱ្យទឹកហូរកុំអោយលិចចិញ្ចើមផ្លូវជាតិ ។
ក្នុងសកម្មភាពចុះកាយសំរាម និងដី នៅមុខអណ្ដូងលូនេះ គេឃើញទាំងមេ ទាំងកូនចៅមូរជើងខោ លាត់ដៃអាវទាំងអស់គ្នាដើម្បីបំពេញកិច្ចការនេះ ។
គួរបញ្ជាក់ថា លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តែងតែបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ចុះកាយសំរាម តាមមាត់លូ និងប្រឡាយក្នុងមូលដ្ឋានរបស់លោកនៅរាល់ពេលភ្លៀងធ្លាក់ខ្លាំង ។ បន្ទាប់ពីកម្លាំងចុះកាយសំរាមនោះ គេសង្កេតឃើញថាទឹកបានហូរចូលតាមលូ មិនមានទឹកដក់នៅលើផ្លូវទេ ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ១ និងបងប្អូនដែលនៅជាប់មាត់លូ និងមាត់ប្រឡាយ សូមកុំចោលសំរាម កម្ទេចថ្ម ឬកាកសំណល់ផ្សេងៗ ពិសេសចានស្នោ ដបទឹកសុទ្ធតាមដងផ្លូវ មាត់លូ នាំឱ្យស្ទះពេលភ្លៀងមក។ បងប្អូនត្រូវទុកដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីភូមិឋាន និងសង្កាត់ ខណ្ឌ រាជធានីយើងល្អ គ្មានសំរាម និងកាកសំណល់ ៕
ដោយ៖ សណ្តោស