អន្តរជាតិ៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ សារព័ត៌មាន CNA បានចេញផ្សាយថា យ៉ាងហោចណាស់មន្ត្រីប៉ូលីសនៅក្នុងប្រទេសប៉េរូ ជិត១ម៉ឺននាក់បានឆ្លងជំងឺ COVID-19 និង ១៧០នាក់បានស្លាប់ បន្ទាប់ពីឆ្លងជំងឺ កំឡុងចុះពង្រឹងវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ។
ចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) រដ្ឋមន្ត្រីមហាផ្ទៃប៉េរូលោក ហ្គាស្តុន រ៉ូឌ្រីហ្គែស (Gaston Rodriguez) បានគូសបញ្ជាក់ដូច្នេះថា «ប៉ូលីសរបស់យើង ៩,៩០០នាក់បានឆ្លង COVID-19 ហើយក្នុងនោះមាន ១៧០នាក់បានស្លាប់»។លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ប៉ូលីស ៤,០០០នាក់ផ្សេងទៀត នឹងតម្រូវឱ្យស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដោយសារបញ្ហាអាយុ និងសុខាភាពរបស់ពួកគេ។
សូមជម្រាបថា មន្ត្រីប៉ូលីសជិត ១០,០០០នាក់បានឆ្លង COVID-19 កំឡុងពួកគេចុះពង្រឹងវិធានការបិទប្រទេស និងគម្លាតសង្គមរយៈពេល១២សប្ដាហ៍មកនេះ។
គួរបញ្ជាក់ថា បើតាមលោក Gaston Rodriguez ប៉ូលិសរុប ៨០,០០០នាក់ ត្រូវបានដាក់ពង្រាយឱ្យចុះរឹតបន្តឹងវិធានការបិទប្រទេសប៉េរូ ដែលបច្ចុប្បន្នជាប្រទេស រងគ្រោះធ្ងន់ធ្ងរលំដាប់ទី ២ ក្នុងតំបន់អាមេរិកឡាទីនបន្ទាប់ប្រេស៊ីល និងលេខ ៨ លើពិភពលោកដោយមានករណីឆ្លងCOVID-19 ចំនួន ២១៤,៧៨៨ករណីក្នុងនោះស្លាប់ ៦,១០៩នាក់ និងជាសះស្បើយ ១០២,៤២៩នាក់៕ដោយ៖ស តារា