ខេត្តពោធិ៍សាត់៖ លោកអធិការនគរបាលស្រុកវាលវែងដឹកនាំកម្លាំង១៥នាក់ ឡោមព័ទផ្ទះក្នុងព្រៃគ្មានម្ចាស់នៅមួយហើយបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់និងចែកចាយសារធាតុញៀន រួមទាំងប្រើប្រាស់អាវុធខុសច្បាប់បំរុងប្លន់ចំនួន៧នាក់រួមទាំងវត្ថុតាងផង ។
ប្រតិបត្តិការខាងលើនេះ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចក្បាលអូរកំបោរ ក្នុងព្រៃមានផ្ទះគ្មានម្ចាស់នៅមួយ ស្ថិតក្នុងភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឱ្យដឹងថា ជនសង្ស័យទាំង ៧នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនទី១-ឈ្មោះ ហ៊ីម អ៊ីសា ភេទប្រុស អាយុ ២៧ឆ្នាំ ទី២-ឈ្មោះ ផុន សីម៉ា ភេទប្រុស អាយុ ២០ឆ្នាំ ទី៣-ឈ្មោះ សុខ ចាន់យ៉ារី ភេទប្រុស អាយុ ២៣ឆ្នាំ ទី៤-ឈ្មោះ យ៉ូន សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ ទី៥-ឈ្មោះ អ៊ឹម សុភី ភេទប្រុស អាយុ ១៩ឆ្នាំ ទី៦-ឈ្មោះ យស ពុទ្ធា ភេទប្រុស អាយុ ២០ឆ្នាំ និងទី៧-ឈ្មោះ ដន ដា ភេទប្រុស អាយុ ១៨ឆ្នាំ ជនសង្ស័យទាំង ៧នាក់ខាងលើនេះ រស់នៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកបន្តទៀតថា វត្ថុតាងត្រូវបានរឹបអូសរួមមាន អាវុធុន AK ស្វាយបត់ ១ដើម, បង់ ១, គ្រាប់២គ្រាប់,សារធាតុញៀនប្រភេទម្សៅក្រាមសថ្លា៤ថង់ក្នុងនោះធំ ១ថង់,កាំបិតតូច ២,កន្ដ្រៃ ១, អាគុយ ១គ្រឿង, ម៉ូតូម៉ាកស្មាសរីវ៉ូ ពណ៌ក្រហមលាយទឹកប្រាក់ គ្មានស្លាកលេខ ១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។ លោកបន្តទៀតថា ជនទាំង ៧នាក់ដែលត្រូវកម្លាំងឡោមព័ទក្រសោបបានទាំងអស់ខាងលើនេះ មានឈ្មោះ ហ៊ីម អ៊ីសា ពាក់អាវក្រហមស្ពាយកាំភ្លើងជាមេខ្លោង និងធ្លាប់ជាប់ពន្ធនាគារច្រើនលើកច្រើនសារមកហើយដែរ ហើយការដែលសមត្ថកិច្ចអាចចាប់ ខ្លួនជនទាំងសំបុកនេះដោយសារបណ្ដាញសំងាត់របស់សមត្ថកិច្ចបានផ្ដល់ពត៌មានយ៉ាងច្បាស់លាស់ ព្រោះក្រុមជនសង្ស័យខាងលើនេះ ពួកគេធ្វើសកម្មភាពយប់ៗហើយនៅពេលថ្ងៃគឺពួកគេដេក បញ្ហានេះធ្វើឱ្យកម្លាំងសមត្ថកិច្ចអាច ឆ្មក់មកឡោមព័ទចាប់ទាំងព្រឹកព្រលឹមបានដូច្នេះ ។
លោកអធិការបញ្ជាក់ថា វត្ថុតាង រក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកវាលវែងជាបណ្ដោះអាសន្ន ចំណែកជនសង្ស័យទាំង ៧នាក់ សមត្ថកិច្ចរបស់លោកកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តតាមនីតិវិធី៕
ដោយ៖ ប៉ឹម ពិន