ខេត្តកណ្តាល៖ បុរសម្នាក់បានសម្រេចចិត្តចង.កធ្វើអត្តឃាតសម្លាប់ខ្លួន បន្ទាប់ពីបុរសរូបនេះធ្លាក់ខ្លួនឈឺដើរមិនរួចហើយត្រូវបានស្ត្រីជាប្រពន្ធចុះចោលផ្ទះ ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលនៅបេលាម៉ោង៩ និង៤០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្ទះឈ្មោះ ហ៊ន សុភា ស្ថិតក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ុម ផល្លា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ (ពិការជើងទាំងសងខាង) មានទីលំនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម បច្ចុប្បន្នស្នាក់នៅផ្ទះបងប្រុសត្រង់ចំណុចកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា អស់រយៈពេលប្រមាណមួយឆ្នាំកន្លងមកហើយជនរងគ្រោះបានធ្លាក់ខ្លួនឈឺស្វិតជើងដើរមិនរួច ក្រោយមកស្ត្រីជាប្រពន្ធបានរត់ចុះចោលផ្ទះទុកឲ្យជនរងគ្រោះនៅផ្ទះម្នាក់ឯង ។ ទើបមកដល់ថ្មីៗនេះជនរងគ្រោះបានមកស្នាក់នៅផ្ទះជាមួយបងបង្កើតនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម អំឡុងពេលមកស្នាក់នៅជាមួយកន្លងមកនេះជនរងគ្រោះបានព្យាយាមធ្វើអត្តឃាតដោយចង.កចំនួន២លើក តែមិនបានសម្រេចដោយសារបងប្រុសជួយទាន់ពេលវេលា ។
លុះមកដល់វេលាព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ បងបង្កើតនិងបងថ្លៃរបស់ជនរងគ្រោះបានចេញពីផ្ទះទៅនេសាទត្រីបានទុកជនរងគ្រោះឲ្យនៅផ្ទះម្នាក់ឯង ឱកាសល្អជនរងគ្រោះក៏បានលួចចង.កធ្វើអត្តឃាតជាថ្មីម្តងទៀត រហូតស្លាប់បាត់បង់ជីវិត ។
ក្រោយមកសមត្ថកិច្ចអាជ្ញាធរ និងគ្រូពេទ្យបានចុះទៅពិនិត្យសាកសពជនរងគ្រោះ ហើយបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយចង.កធ្វើអត្តឃាតប្រាដកមែន ។ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពឲ្យបងបង្កើតចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ