ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូឌុបគ្នាចេញមកពីស៊ីការនៅក្នុងភូមិពេលមកដល់ចំនុចផ្លូវបែកជាបួនក៍ត្រូវរថយន្ត ឡិចស៊ីសRX300បើកបុកពេញមួយទំហឹងតែម្តងកាលពីវេលាម៉ោង៩និង១០នាទី យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចំពីមុខប៉ុស្តិ៍ នគរបាលរដ្ឋបាលឈើទាលតែម្តង ក្រោយកើតហេតុអ្នក បើកបររថយន្តត្រូវបានឃាត់ខ្លួន។
រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌សលាយស្ក ពាក់ស្លាកលេខភ្នំពេញ2AF-0342 បើកបរដោយឈ្មោះ ជុំ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាង ធ្វើគ្រឿងសង្ហារឹម មានទីលំនៅក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ រថយន្តខាងលើនេះមានអ្នករួមដំណើរចំនួន៤នាក់ តែមិនមាននណាម្នាក់រងរបួសឡើយ ។
ស្ត្រីដែលស្លាប់នៅកន្លែង កើតហេតុមានឈ្មោះ សួង ភណ្ឌ័ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ រីឯអ្នករងរបួសធ្ងន់ឈ្មោះ ទ្បាច ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតឈ្មោះ គង់ ស្រីវង់ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ។ ជនរងគ្រោះទាំង៣នាក់នេះមានទីលំនៅក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ជិះម៉ូតូធុនសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខញ1E-8749 ។
នគរបាលចរាចរបានអោយ ដឹងថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ១១០ ទិសដៅពីស្អាងទៅ ភ្នំពេញ លុះបើកដល់ចំណុចកើតហេតុបានបុកម៉ូតូជនរងគ្រោះដែលកំពុងជិះចេញពីក្លោងទ្វាវត្តស្រែអំពិលពេញមួយទំហឹង បណ្តាលម៉ូតូដួលបោកទៅលើផ្លូវធ្វើឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗមួយរំពេច រីឯបុរសជាអ្នកបើកបរនិងនារីរួមដំណើរជាមួយរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្កបានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាលតាមចាប់បានទាំងរថយន្ត និងអ្នកបើកបរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សណ្តោស