ខេត្តកំពង់ចាម៖ បុរសម្នាក់បានសម្រេចចិត្តគិតខ្លី ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយយកខ្សែអង្រឹងចងកនឹងដើមទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិថ្នល់ថ្មី សង្កាត់វិហាហ្លួង ក្រុងសួង ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះមួច អូន ភេទប្រុស អាយុ៣៣ឆ្នាំ មានប្រពន្ធឈ្មោះភឿន រ៉ា ភេទស្រី អាយុ២៧ឆ្នាំ និងមានកូន២នាក់ក្នុងបន្ទុក រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។
តាមសម្ដីរៀបរាប់របស់ស្រី្ដជាប្រពន្ធបានឱ្យដឹងថា ប្ដីរបស់គាត់មានជំងឺរ៉ាំរ៉ៃប្រចាំកាយ ជាយូរមកហើយ ហើយបានដើរព្យាបាលនៅតាមន្ទីរពេទ្យជាច្រើនកន្លែង ព្រមទាំងបានបញ្ចូលឈាមអស់ជាច្រើនដងទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏ជំងឺរបស់គាត់នៅតែមិនបានស្រាកស្រាន្ដនោះឡើយ។
ស្ដ្រីដដែលបានបន្ដថា លុះនៅយប់កើតហេតុ ខណៈដែលគាត់បានដឹងខ្លួនពីដំណេក ក៏រកមើលប្ដីតែមិនឃើញ ទើបគាត់ស្រែកហៅតែមិនឮឆ្លើយ ក៏ចុះរកមើល ស្រាប់តែឃើញប្ដីចងក.នៅនឹងដើមទៀបស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ក៏បានធ្វើកោសល្យវិច័យ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.សម្លាប់ខ្លួនពិតមែន ក៏ប្រគល់សពឱ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ហេង សុរិយា