សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៣ ខែមិថុនា បានផ្សាយថា ប៉ូលីនៅរដ្ឋកាលីហ្វ័រនីញ៉ា បានប្រកាសឲ្យដឹងថា បុរសជនជាតិស្បែកខ្មៅវ័យក្មេងម្នាក់បានចងកសម្លាប់ខ្លួន នៅលើដើមឈើ។
សកម្មភាពខាងលើ បានបង្កឲ្យមានភាពតានតឹងថែមទៀត ក្នុងពេលដែលមានបាតុកម្មកើតឡើងនៅគ្រប់ទិសទី ប្រឆាំងការរើសអើងជាតិសាសន៍ ។ ពាក់ព័ន្ធនឹងបុរសជនជាតិស្បែកខ្មៅស្លាប់ដោយចងក នេះ រដ្ឋអាជ្ញានៅទីក្រុងញូវយ៉កបានបញ្ជាក់ថា មន្ត្រីក្នុងតំបន់សន្និដ្ឋានលឿនពេកពីករណីខាងលើ ថានេះជាករណីធ្វើអត្តឃាតឬក៏ជាការសម្លាប់ដោយចងគំនុំ។
បុរសវ័យក្មេងជនជាតិស្បែកខ្មៅ ដែលបានចងកសម្លាប់ខ្លួននេះមានឈ្មោះ Robert Fuller អាយុ២៤ឆ្នាំ ។ នៅពេលនេះ ប៉ូលិសកំពុងតែបើកការស្រាវជ្រាវ ចំពោះការស្លាប់ខាងលើ។
ចំណែកស្នងការប៉ូលិស Ron Shaffer បានប្រកាសតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី១២ ខែមិថុនាថា ការស្លាប់របស់បុរសជនជាតិស្បែកខ្មៅនេះ គឺជាការធ្វើអត្តឃាត។
ពលរដ្ឋជាច្រើនបានបង្ហាញពីការខឹងសម្បាយ៉ាងខ្លាំង ហើយទាមទារឲ្យប៉ូលិសនិយាយការណ៍ពិត មិនត្រូវសន្និដ្ឋាននៅពេលដែលមិនទាន់ធ្វើការស្រាវជ្រាវនោះទេ។ ពលរដ្ឋបានស្នើឲ្យបើកការស្រាវជ្រាវ ជាបន្ទាន់ និងគ្រប់ជ្រុងជ្រោយ៕