ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីប្រឈមមុខតានតឹងកាន់តែខ្លាំងឡើង ក្រោយពេលដែលចិនប្រកាសប្រហារជីវិតជនជាតិអូស្ត្រាលីពីបទ ជួញដូរគ្រឿងញៀន។
សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសអូស្ត្រាលី នៅថ្ងៃទី១៣ខែមិថុនាបញ្ចាក់ថា«យើងពិតជាសោកស្តាយពេលទទួលបានដំណឹងដ៏អាក្រក់នេះ ។ អូស្ត្រាលីប្រឆាំងយ៉ាងខ្លាំង ដល់ការដាក់ទោសប្រហារជីវិតពលរដ្ឋរស់ខ្លួន ។យើងគាំទ្រឲ្យលុបច្បាប់ប្រហារជីវិត»។
ក្រសួងការបរទេសអូស្ត្រាលីបានឲ្យដឹងថា នឹងតស៊ូតាមរយៈស្ថានទូតចំពោះបញ្ហាខាងលើ បុន្តែមិនបញ្ជាក់ពីអត្តសញ្ញាណពលរដ្ឋអូស្ត្រាលីដែលត្រូវចិនប្រហារជីវិតឡើយ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សាយថា ជនជាតិអូស្ត្រាលីដែលត្រូវប្រហារជីវិតមានឈ្មោះថា Cam Gillespie ត្រូវបានចាប់ខ្លួនកាលពី៧ឆ្នាំមុន ដោយចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
សូមបញ្ជាក់ថា លោកCam Gillespie ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៣ ពីបទជួញដូរគ្រឿងញៀនដល់ទៅ៧,៥ គីឡូក្រាម ប្រភេទmethamphetamine ។ នៅពេលនេះក្រសួងការបរទេស ចិនមិនទាន់វិភាគអ្វីជុំវិញបញ្ហាខាងលើ នោះឡើយ។ ទោសប្រហារជីវិតពាក់ព័ន្ធការជួញដូរគ្រឿងញៀន មិនមែនជារឿងខុសប្រក្រតីនៅចិននោះឡើយដោយប្រទេសនេះតែងតែ ប្រហារជីវិតអ្នកដែលប្រព្រឹតបទល្មើសធ្ងន់។
ទំនាក់ទំនងរវាងចិន និងអូស្ត្រាលី កាន់តែតានតឹង ក្រោយពេលអូស្ត្រាលីអំពាវនាវឲ្យ បើកការស្រាវជ្រាវពីប្រភពរាលដាលនៃវីរុសកូវីដ១៩ ដែលផ្ទុះឡើងដំបូងគេនៅទីក្រុងវូហានប្រទេសចិន ។ កាលពីសប្តាហ៍កន្លងមកចិនបានសម្រេចឈប់ទិញសាច់គោពីប្រទេសអូស្ត្រាលី មិនតែប៉ុណ្ណោះចិនក៍បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន កុំទៅកម្សាន្តនៅអូស្ត្រាលីផងដែរ៕