ភ្នំពេញ៖ យោងតាមសំណេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្មីៗនេះ បានបញ្ជាក់ថា ខេត្តចំនួន៥នៅកម្ពុជា គឺខេត្តព្រៃវែង បាត់ដំបង តាកែវ បន្ទាយមានជ័យ និងខេត្តកំពង់ធំ ជាខេត្តនាំមុខគេ ក្នុងការផលិតស្រូវ នៅក្នុងឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍ដដែលរដ្ឋមន្ត្រីកសិកម្មបានបង្ហោះភ្ជាប់ជាមួយនឹងសំណេររបស់ខ្លួន ក្នុងចំណោមខេត្តទាំង៥នេះ អាចផលិតស្រូវចំនួន ៥.៦១៣.០០០ តោន។ ក្នុងនោះខេត្តព្រៃវែង ផលិតស្រូវបានច្រើនជាងគេបង្អស់ គឺចំនួន ១.៣៦៥.០០០ តោន។ បន្ទាប់មកគឺខេត្តបាត់ដំបងដែលផលិតស្រូវបានចំនួន ១.២៣៧.០០០ តោន ។ ខេត្តតាកែវផលិតបាន១.២០៩.០០០ តោន ។ ខេត្តបន្ទាយមានជ័យផលិតបានចំនួន៩២៩.០០០ តោន ។ និងខេត្តកំពង់ធំផលិតស្រូវបានចំនួន ៨៧០.០០០ តោន នៅក្នុងឆ្នាំ២០១៩។
តាមរបាយការណ៍ដដែល កម្ពុជាផលិតស្រូវបានចំនួន ១០.៨៨ លានតោនឆ្នាំ២០១៩ និងនៅសល់ស្រូវសម្រាប់នាំចេញ ប្រមាណ៥.៧៦០.០០តោន៕ដោយ៖ស តារា