អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានចេញផ្សាយនៅថ្ងៃអាទិត្យទី១៤ ខែមិថុនា ឆ្នាំ២០២០នេះថា ប្រទេសកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំបន្ទាន់ ដឹកនាំដោយលោក Chung Eui-yong នាយកទីប្រឹក្សាសុន្តិសុខជាតិកូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពីប្អូនស្រី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺជាអ្នកនាង គីម យូ ជុង (Kim Yo Jong) បានព្រមានជាថ្មីម្ដងទៀតថាទីក្រុង ព្យុងយ៉ាង នឹងចាត់វិធានការសងសឹក ក្នុងនោះរួម មានទាំងសកម្មភាពយោធា ប្រឆាំងនឹងការបង្ហោះសារប្រមាថ និងរិះគន់លោក គីម ដោយប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅជ្រកកោននៅលើទឹកដីកូរ៉េខាងត្បូង។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បន្តថា កិច្ចប្រជុំបន្ទាន់មួយនេះ ដោយមន្ត្រីសុន្តិសុខកំពូលៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាគ្នាពីការព្រមានជាបន្តបន្ទាប់ ក្នុងនោះរួមមាន ជម្រើសយោធាពីសំណាក់កូរ៉េខាងជើង ដែលកំពុងបង្កឱ្យមានភាពតានតឹងរឹតតែខ្លាំងនៅលើឧបទ្វីបកូរ៉េ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយសារព័ត៌មាន KCNA អ្នកនាង គីម យូជុង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈការអនុវត្តអំណាចរបស់ខ្ញុំ ដោយមានការ អនុញ្ញាតពីមេដឹកនាំកំពូល, គណបក្ស និងរដ្ឋរបស់យើង ខ្ញុំបានផ្ដល់ការណែនាំទៅកាន់…នាយកដ្ឋានទទួលបន្ទុកកិច្ចការជាមួយសត្រូវ ដើម្បីចាត់វិធានការជាជំហានបន្ទាប់»។ វិធានការជំហានបន្ទាប់មិនត្រូវបានអ្នកនាងគីម បញ្ជាក់ឱ្យច្បាស់នោះទេ ប៉ុន្តែបើតាម KCNA វិធានការទំាងនោះក៏រួមមានទាំងជម្រើសយោធាផងដែរ។
សូមជម្រាបថា ភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានផ្ទុះឡើងខ្លាំងកាលពីសប្ដាហ៍មុន ក្រោយទីក្រុងព្យុងយ៉ាង ប្រកាសកាត់ផ្ដាច់ខ្សែទូរស័ព្ទបន្ទាន់ជាមួយទីក្រុង សេអ៊ូល ជាការសម្ដែងការខឹងសម្បារចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបរាជ័យក្នុងការទប់ស្កាត់ការបង្ហោះសារប្រមាថ និងរិះគន់លោក គីម ជុងអ៊ុន ដោយប្រជាជន កូរ៉េខាងជើង ដែលកំពុងរស់នៅជ្រកកោននៅលើទឹកដីកូរ៉េខាងត្បូង។កូរ៉េខាងជើងបានចាត់ទុកថា ការបណ្តែតបណ្តោយឲ្យរឿងបែបនេះកើតឡើង គឺជាការបំផ្លាញ ចោលនូវអ្វីៗដែលលោក មូន ចេអ៉ីន និងលោក គីម ជុងអ៊ុន បានសាងរួមគ្នាកន្លងមក៕ដោយ៖ស តារា