ខេត្តមណ្ឌលគិរី៖ ឈើដែលក្រុមឈ្មួញលាក់ទុករាយប៉ាយនៅតាមដងព្រៃជាង៤០កំណាត់បម្រុងនិឹងដឹកយកទៅលក់នៅប្រទេសវៀតណាមរួមជាមួយនឹងជញ្ជិីងសម្រាប់ថ្លឹងឈេីចំនួន៧គ្រឿងទៀតផងនោះត្រូវបានកម្លាំងគណៈកម្មការឯកភាពស្រុកស្រុកកែវសីមាចុះបង្ក្រាបរឹបអូសយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានស្រុកដើម្បីស្រាវជ្រាវរកម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ព្រៃឈើបន្ត។
ការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ក្នុងភូមិអូរត្រូន ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រតិបត្តិការនេះដឹកនាំកម្លាំងដោយលោក អឿន សុខណា អភិបាលរងស្រុក ហើយក្នុងនោះក៏បានឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ផងដែរដែលមានកំណាត់ឈើលាក់ទុករាយប៉ាយតាមព្រៃខាងក្រោយផ្ទះនោះយកទៅធ្វើការសាកសួរនៅស្នាក់ការបរិស្ថានស្រុកកែវសីមាដើម្បីស្រាវជ្រាវរកមុខមេឈ្មួញបន្តថែមទៀតឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់។
ឈេីជាង៤០កំណាត់នេាះតាមប្រភពបានបង្ហើបថា ត្រូវបានគេលួចកាប់បំផ្លាញនិងដឹកជញ្ជូនចេញពីក្នុងព្រៃដែនជម្រកកែវសីមានេាះតែម្តង ហេីយក៏មានការឃុបឃិតគ្នារវាងមន្ត្រីដែនជម្រកកែវសីមានិងក្រុមឈ្មួញខិលខូចប៉ុន្មាននាក់នៅក្នុងតំបន់នោះធ្វើសកម្មភាពយ៉ាងសកម្មផងដែរបែរជាលោកប្រធានដែនជម្រកនោះធ្វើមិនដឹងទៅវិញ។
ប្រជាពលរដ្ឋនៅទីនោះរង់ចាំមើលចំណាត់ការរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានគឺលោក សាយ សំអាល តើលោកមានវិធានការបែបណាចំពោះមន្ត្រីមួយចំនួនក្រោមឱវាទដែលមិនយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើនោះទេបែរជាចាំតែហៃអើហៃអេីដូចអាជ័យធ្លាក់ទឹកទៅវិញ។
ទាក់ទឹននិឹងការបង្រ្កាបនោះសមត្ថកិច្ចបានប្រមូលឈើដឹកយកទៅរក្សាទុកនៅទីស្នាក់ការបរិស្ថានស្រុកមិនទាន់បានធ្វើការវាស់វែងនៅឡើយ ហើយក៏កំពុងស្រាវជ្រាវរកម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ផងដែរ៕
ដោយ ជីវ័ន្ត