សម្តេចតេជោ ហ៊ុន សែន៖ រលាកផ្លូវដង្ហើមកូវីដ-១៩ ជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកជានិច្ចដល់ជនរួមជាតិ ចំពោះការប្រុងប្រយ័ត្នការពារការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងនោះសម្តេចមានប្រសាសន៍ថា៖ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ព្រោះជំងឺនេះគឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ។

សម្តេចបន្តថា៖ ដូចយើងទាំងអស់គ្នាបានដឹងហើយពេលនេះកម្ពុជាយើងក៏មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ថ្មីទៀតដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ហើយពេលនេះកំពុងព្យាបាលនឹងរស់នៅដាច់ដោយឡែកក្នុងមណ្ឌលព្យាបាលកូវីដ១៩។

សម្តេចក្រើនរំលឹកថា៖ សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសមើលស្រាលលើជំងឺកូវីដ១៩ អោយសោះ។ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) នៅលើពិភពលោកពេលនេះចំនួនអ្នកឆ្លងរោគកូវីដ១៩ គឺបានកើនឡើង 7,410,510 ហើយចំនួនអ្នកស្លាប់គឺបានកើនដល់ 418,294 នាក់។ នៅសហរដ្ឋអាមេរិកគឺចំនួនអ្នកឆ្លងរោគកូវីដ១៩ និងស្លាប់ច្រើនជាងគេ។ រីឯនៅទីក្រុងប៉េកាំងប្រទេសចិនចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះគឺមាន ៥៩នាក់ ដែលកម្ពុជាសូមចូលរួមក្នុងក្តីព្រួយបារម្ភនេះ​ ព្រោះសុខទុក្ខរបស់ប្រទេសចិនក៏ជាសុខទុក្ខរបស់កម្ពុជាផងដែរ។

សម្តេច សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ម៉ាស ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល ហើយកុំទៅទីប្រជុំជនដែលមានមនុស្សច្រើនបើគ្មានការចាំបាច់អ្វីទេនោះ។ ទីកន្លែងសំខាន់ៗមួយចំនួនដូចជាការិយាល័យធ្វើការ ហាងកាហ្វេ ភោគជនីយដ្ឋាន ផ្សារទំនើប ជាពិសេសក្លីនិកព្យាបាល និងមន្ទីពេទ្យនានាត្រូវមានទឹកអាល់កុល ចឹល នឹងម៉ាសសម្រាប់ពាក់ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ពីម្នាក់ទៅម្នាក់។

ប្រសិនបើមានការសង្ស័យពីអាការៈរោគឆ្លងកូវីដ១៩ សូមខលទៅលេខ ១១៥ ហើយសូមសហការនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print