ខេត្តកោះកុង៖ តំបន់ទេសចរ កោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ -អន្តរជាតិ ទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ៤០នាទី ទើបដល់កោះដ៏ធំមួយនេះ។
កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គ.ម២ និងកម្ពស់ប្រហែល ៤១០ ម ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់ សម្រាប់កម្សាន្ត០៥ កន្លែង។
សព្វថ្ងៃតំបន់កោះកុងក្រៅនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។
តំបន់ទេសចរ កោះកុងក្រៅ ក្លាយជារមណីយដ្ឋានកម្សាន្ត មិនត្រឹមជាទីតាំងស្រូបយកខ្យល់ឱកាសបរិសុទ្ធ ហែលទឹកដ៏ត្រជាក់កាយ ប៉ុណ្ណោះទេ ធម្មជាតិនៅទីនោះ មានព្រៃនិងទឹកសមុទ្រ ដ៏ខៀវស្រងាត់ គួរជាទីគយគន់ អាចបោះតង់ គេងប្រកបដោយផាសុខភាព ធ្វើអោយជីវិតមានភាព ស្រស់ស្រាយ ប្លែកភ្នែក ប្លែកអារម្មណ៍ និងមានសុវត្ថិភាព សន្តិសុខបំផុត៕
ដោយ៖ សិលា