អន្តរជាតិ៖ យោងតាមកាសែតរដ្ឋចិន បានរាយការណ៍ថា កូរ៉ូណាវីរុស ត្រូវបានរកឃើញលើជ្រុញកាប់សាច់ត្រីសាលម៉ុន លក់នៅផ្សារXinfadi ក្នុងទីក្រុង ប៉េកាំង ។ នេះគឺជាប្រភពឆ្លង COVID-19 ជាចង្កោមថ្មីមួយ ដែលបង្កការភ័យខ្លាចនៃរលកចម្លងទីនៃជំងឺ COVID-19 ក្នុងប្រទេសចិន។ របាយការណ៍នេះ ធ្វើឲ្យផ្សារទំនើបធំៗក្នុងរដ្ឋធានីចិននេះរើសាច់ត្រីសាលម៉ុនចេញពីធ្នើរពួកគេអស់រលីង។
ក្រោយមានការសង្ស័យចិន បានសម្រេចផ្អាកការនាំចូលត្រីសាលម៉ុនពីក្រុមហ៊ុនផ្គត់ផ្គង់អឺរ៉ុប ដោយបារម្ភថា ត្រីដែលគេនិយមបរិភោគឆៅនេះ អាចជាប់ពាក់ព័ន្ធការផ្ទុះរាលដាលជាចង្កោមជំងឺ COVID-19 នៅផ្សារមួយកន្លែងក្នុងទីក្រុងប៉េកាំង ។ ទោះជាបែបនេះ អ្នកជំនាញយល់ឃើញថា ត្រីនេះមិនទំនងមានផ្ទុកវីរុសនេះឡើយ។
នាយកប្រតិបត្តិក្រុមហ៊ុនផ្គត់ផ្គង់ត្រីសាលម៉ុន Bakkafrost លោក Regin Jacobsen បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖«យើងលែងអាចនាំចេញសាច់ត្រីសាលម៉ុនទៅកាន់ចិនតទៅទៀតទេ»។ ដូចគ្នានេះដែរ លោក Stein Martinsen ប្រធានផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុនNorway Royal Salmon និយាយថា៖«យើងបញ្ឈប់ការលក់ទាំងអស់ទៅកាន់ប្រទេសចិន ហើយកំពុងរង់ចាំការបកស្រាយពាក់ព័ន្ធស្ថានការណ៍នេះ»។
ទីភ្នាក់ងារ Reuters និយាយទៀតថា អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ប្រទេសន័រវែស បញ្ជាក់ថា វាគ្មានភ័ស្តុតាងអ្វីដែលត្រីសាលម៉ុងនអាចជាប្រភពចម្លងឡើយ។ ដូចគ្នានេះដែរ ពីទីក្រុងហ្សឺណែវ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទៅ ១៥ ខែមិថុនា អះអាងថាប្រភពចម្លង COVID-19 ជាចង្កោមនៅប៉េកាំង គឺមិនច្បាស់លាស់ឡើយ។
ដោយឡែកអាជ្ញាធរចិន ការមើលលើហ្សែន (Genetic traces) នៃវីរុសពីការផ្ទុះរាលដាលផ្សារក្នុងប៉េកាំងនេះ បង្ហាញថា វាមានលទ្ធភាពមកពីអឺរ៉ុប។ ទាក់ទិនបញ្ហានេះ សាស្ត្រាចារ្យជំនាញជំងឺឆ្លងនៃសកលវិទ្យាល័យនៅអង់គ្លេស Keith Neal ប្រាប់ Reuters ថា ករណីពាក់ព័ន្ធនឹងត្រីសាលម៉ុននេះ គឺទំនងជាលទ្ធផលនៃការឆ្លងវីរុសពីមួយទៅមួយ (cross contamination) ។ លោកនិយាយដូច្នះថា៖«ទីផ្សារ អាចជាកន្លែងកុះករ។ ដូចក្នុងទីក្រុង វូហាន ដែរ ពួកវាបង្កើនលទ្ធភាពសាយភាយការចម្លង»។
ចំណែកលោក Mike Ryan ប្រធានកម្មវិធីអាសន្នរបស់ WHO បញ្ជាក់ក្នុងសន្និសីទព័ត៌មានថា៖«ខ្ញុំគិតថា យើងត្រូវពិនិត្យលើអ្វីបានកើតឡើងក្នុងករណីនេះ។ ខ្ញុំមិនជឿទេថា វាគឺជាសម្មតិកម្មសំខាន់នោះឡើយ។ ក៏ប៉ុន្តែវាទាមទារការស៊ើបអង្កេតបន្ថែមទៀត»។
សូមជម្រាបថា អាជ្ញាធរចិន បានដាក់ចេញវិធានការរឹតត្បិតតឹងរ៉ឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការរាលដាល COVID-19 ក្នុងទីក្រុងប៉េកាំងទៅកាន់បណ្ដាខេត្តផ្សេង ដោយហាមឃាត់ការធ្វើដំណើរចេញក្រៅសម្រាប់មនុស្សដែលមានហានិភ័យខ្ពស់ ព្រមទាំងផ្អាកសេវាដឹកជញ្ជូនខ្លះចេញពីទីក្រុងផងដែរ។ បើគិតត្រឹមថ្ងៃទី១៦ ខែមិថុនា ប្រទេសចិន រកឃើញករណីឆ្លង COVID19 ថ្មី ចំនួន២៧ករណី ដែលធ្វើឲ្យតួលេខឆ្លងសរុបក្នុងទីក្រុងប៉េកាំងឡើងដល់ ១០៦ករណី។ នេះគឺសុទ្ធតែមានប្រភពពីផ្សារលក់ត្រីសាលម៉ុន៕ ដោយ៖ស តារា