ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានតំណាងកម្ពុជានៅក្រៅបរទេស តែងតែផ្តោតការយកចិត្តទុកដាក់ក្នុងការសម្របសម្រួល ផ្តល់កិច្ចគាំពារ និងជួយឧបត្ថម្ភដល់ពលរដ្ឋខ្មែរនៅបរទេស ជាពិសេសនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា៖ ចាប់តាំងពីមានការផ្ទុះរាលដាលនៃជម្ងឺកូវីដ-១៩មក គិតត្រឹមចុងខែឧសភា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាបានផ្តល់ការឧបត្ថម្ភម៉ាស អាល់កុល គ្រឿងឧបភោគបរិភោគ និងថវិកា ដោយផ្ទាល់និងតាមរយៈការសហការជាមួយសប្បុរសជននានា ជូនដល់ពលរដ្ឋខ្មែរ ជាពិសេស ពលករ-ពលការិនី និងនិស្សិតខ្មែរនៅបរទេស ចំនួនប្រមាណជាង២០.០០០នាក់ ដែលរួមមាន នៅក្នុងប្រទេសថៃ (ប្រមាណជាង៥.០០០ នាក់) សាធារណរដ្ឋកូរ៉េ (ប្រមាណជាង៥.០០០នាក់) ប្រទេសម៉ាឡេស៊ី (ចំនួន២.១៤៥គ្រួសារ) ប្រទេសជប៉ុន (ចំនួន១.២៨៩នាក់) អេហ្ស៊ីប(ចំនួន១១០នាក់)
សិង្ហបុរី (ចំនួន៥៤នាក់) ប្រទេសវៀតណាម(ចំនួន៥១នាក់) និងនៅប្រទេសដទៃទៀតផងដែរ។
នៅក្នុងស្មារតីប្រហាក់ប្រហែលគ្នានេះ ពេញមួយខែឧសភាកន្លងទៅ ស្ថានទូតបានបន្តធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារការជួញដូរ មនុស្ស និងការរំលោភបំពានផ្សេងៗផ្នែកការងារនៅបរទេស បានជោគជ័យជូនប្រជាពលរដ្ឋ៕
ដោយ៖ សហការី