កម្មករដាក់លូម្នាក់ឡើងឈរ លើប៉ែលគ្រឿងចក្របង្វិលខ្សែកាប្លិ៍ឆក់ធ្លាក់ចុះមកដីស្លាប់យ៉ាងអាណោចអាធម័

ចែករំលែក៖

ភ្នំពេញ ៖កម្មករដាក់លូម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ពេលដែលរូបគេឡើងឈរលើប៉ែលគ្រឿងចក្រទៅបង្វិលខ្សែកាប្លិ៍ភ្លើងដើម្បីទាក់ទប់កុំឲ្យបង្គោលរលំ ហើយក៏ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យធ្លាក់បោកផ្ទប់ថ្មបែកក្បាលស្លាប់តែម្ដង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត៤ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះខាងលើឈ្មោះ ពៅ វែង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករដាក់លូ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅស្រុកអង្គរជ័យ ខេត្តកំពត ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ ៖​ មុនពេលកេីតហេតុ​ ជនរងគ្រោះបានទៅដាក់លូនៅក្នុងភូមិខាងលើច្រើនថ្ងៃកន្លងមកហើយ លុះមកដល់វេលាកើតហេតុខាងលើដោយសារតែគ្រឿងចក្រកាយប្រឡាយកៀកនិងបង្គោលភ្លើងបណ្ដាលឲ្យទ្រេតរករលំ ទើបមេការរួមនិងអ្នកបើកបរគ្រឿងចក្របានប្រើឲ្យជនរងគ្រោះឡើងបង្វិលខ្សែកាប្លិ៍ភ្លើងដើម្បីទាក់ទប់កុំឲ្យបង្គោលរលំ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះបានឲ្យជនរងគ្រោះឡើងឈរលើប៉ែលគ្រឿងចក្រហើយអ្នកបើកបរបានបញ្ជាលើកប៉ែលឡើងលើ លុះពេលយកដៃចាប់កាន់ខ្សែកាប្លិ៍ភ្លើងក៏ត្រូវបានចរន្តអគ្គិសនីឆក់ធ្លាក់បោកផ្ទប់ថ្មស្លាប់ភ្លាមៗតែម្ដង។

ក្រោយកើតហេតុកម្មកររួមការងារ និងប្រជាពលរដ្ឋបានសែងជនរងគ្រោះកប់ដីខ្សាច់សង្គ្រោះបឋមតែជួយមិនបានឡើយព្រោះជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យតាមជំនាញ៕ដោយ​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print