ខេត្តពោធិ៍សាត់៖ ទីបំផុតសមត្ថកិច្ចនគរបាលស្រាវជ្រាវរកឃាត.កឈានដល់កំណត់មុខសញ្ញាជនជាប់ពាក់ព័ន្ធផ្សំគំនិតក្នុងនោះឃាត់ខ្លួន ២នាក់ ករណីកាប់សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ រួចសែងយកទៅកប់ក្នុងឡត៍ដុតធ្យូងកណ្ដាលព្រៃ ។
ជនសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មកាប់សម្លាប់មនុស្សយ៉ាងសាហាវឃោរឃៅខាងលើ ដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាន ២នាក់នេះ ទី១ ឈ្មោះ ញុាំង ធីម ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ(ត្រូវជាប្អូនថ្លៃ)សព និងទី២ ឈ្មោះ ប៉ាត លី ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់(ត្រូវជាប្រពន្ធ)សព(ប្ដីចុងឬក្រោយ) និងជនជាប់ពាក់ព័ន្ធចំនួន ៥នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន ។
ករណីឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ២នាក់ និងកំណត់មុខសញ្ញាជនជាប់ពាក់ព័ន្ធចំនួន ៥នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួនក្នុងករណីកាប់សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃនេះ ធ្វើឡើងបន្ទាប់មន្រ្តិនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ ទទួលព័ត៌មានតាមទូរស័ព្ទទូរស័ព្ទពីលោក យឹម ចន្ទី ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មេភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះថា មានករណីឃាតកម្ម(កាប់សម្លាប់)មនុស្សនៅក្នុងភូមិរបស់គាត់ ជនរងគ្រោះ(ស្លាប់)ឈ្មោះ ប្រាក់ ប៊ន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកំណើតភូមិចម្ការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។ ជនរងគ្រោះត្រូវបានក្រុមបក្ខពួកជនដៃដល់ធ្វើសកម្មភាពនៅចំណុចផ្ទះបាយ ខ្លួនប្រាណសពមានស្នាមកាប់ និងពូថៅចំនួន ៤កន្លែង លើត្រចៀកខាងឆ្វេង ១កន្លែង ថ្ពាល់ខាឆ្វេង ១កន្លែង ករខាងឆ្វេង ១កន្លែង លើចង្កេះខាងឆ្វេង ១កន្លែង និងជាំពីលើក្បាល ១កន្លែង សពត្រូវបានគេសែងយកទៅកប់ក្នុងឡត៍ដុតធ្យូងចាស់ មួយកន្លែងក្នុងព្រៃត្រង់ចំណុចបឹងឡេវអាវ ដែលចម្ងាយប្រមាណ១៥០០ម៉ែត្រពីផ្ទះកើតហេតុ ។
នេះបើតាមការបញ្ជាក់ពីលោក វរៈសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់បុគ្គលិកមជ្ឃមណ្ឌលព័ត៌មាន នគរវត្ត នាល្ងាចថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ ៕ ដោយៈ បុឹម ពិន