ខេត្តកំពង់ឆ្នាំង៖ មានអំពើហិង្សាក្នុងគ្រួសារមួយ ធ្វើឲ្យបុរសម្នាក់រងរបួសបែកក្បាល ដោយសារក្មួយបង្កើតឈ្លោះគ្នាជាមួយប្រពន្ធហើយពូបានចូលទៅឃាត់ ត្រូវក្មួយទាញដំបងវាយត្រូវពូ ។
មន្រ្តីនគរបាលស្រុកកំពង់លែងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជុក ជីន ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កសិករ ។ រីឯជនរងគ្រោះឈ្មោះ បូ បឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវជាពូ រស់នៅក្នុងភូមិជាមួយគ្នាក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ៩ និង១៥ នាទីយប់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចក្រោមផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានមកពីធ្វើការសំណង់ នៅចំណុចមេទឹកទំនប់ស្រុក ហើយបានផឹកស៊ីស្រវឹងយ៉ាងជោកជាំ ។ លុះពេលមកដល់ផ្ទះ បានរករឿងឈ្លោះគ្នាជាមួយប្រពន្ធ ហើយពេលឃើញដូច្នោះជនរងគ្រោះជា ពូជនសង្ស័យ បានដើរចូលមកឃាត់ កុំឲ្យឈ្លោះគ្នាបន្តនាំខ្មាសគេ តែក្មួយមិនស្តាប់បែរជា ទាញដំបងឈើជ្រុងមួយកំណាត់ វាយទៅលើពូ បណ្ដាលឲ្យរងរបួសបែកក្បាល ផ្នែកខាងមុខ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត ភ្លាមៗ។
ចំណែកជនសង្ស័យក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរំពារ បានចុះដល់ទីតាំងខាងលើ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់លែងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ប្រាថ្នា