ភ្នំពេញ៖ ប្រទេសកម្ពុជា បានបញ្ជាទិញរថយន្តយោធាចំនួន ២៩០គ្រឿង ពីប្រទេសចិន ហើយចែកជូនដល់បណ្តាស្ថាប័នអង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅបំរើការងារតាមអង្គភាពនីមួយៗ។
នៅពហុកីឡដ្ឋានជាតិ អូរឡាំពិក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលរថយន្តយោធាចំនួន ២៩០គ្រឿង ដែលបញ្ជាទិញពីចិន ដើម្បីចែកជូនដល់បណ្តាស្ថាប័ន អង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។
បើតាម មន្ត្រីជាន់ខ្ពស់នៃបញ្ជាការដ្ឋានកងទ័ពគោក បានឲ្យដឹងថា ការទិញរថយន្តយោធាទាំងនេះ មិនបានប្រើប្រាស់ថវិការបស់រដ្ឋឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន អំពាវនាវដល់សប្បុរសជនក្នុងស្រុកនានា ដើម្បីប្រមូលថវិកាទិញរថយន្តធុនធំ ២៩០ គ្រឿង ពីប្រទេសចិន សម្រាប់យកមកប្រើប្រាស់ក្នុងវិស័យយោធា និងនគរបាលជាតិ។
ប្រភពដដែលបន្តថា ថវិកានេះ គឺជាថវិកាសប្បុរសជនដែលផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ៕
ដោយ៖សូរិយា