ខេត្តបាត់ដំបង ៖ ជនរងគ្រោះម្នាក់ដែលជាមនុស្សប្រុសចរិតស្រី« ខ្ទើយ » បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយផ្លែកាំបិតចិតបន្លែពីដៃគូបុរសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗបន្ទាប់ពីពួកគេត្រឡប់មកពីកម្មវិធីខួបកំណើត ហើយឆ្ពោះទៅកាន់បន្ទប់ជួលបម្រុងនាំគ្នាឡើងឋានសួគ៌ តែត្រូវភាគីខាងប្រុស ចាក់បម្រុងប្លន់ទៅវិញ។
តាមសាក្សីមួយចំនួនបាននិយាយថា កាលពីព្រលប់ថ្ងៃកើតហេតុជនរងគ្រោះដែលមាន ឈ្មោះ នឿន រ៉ាឌី ភេទទី៣ អាយុ៣១ឆ្នាំ រស់នៅភូមិនរា ឃុំនរា ស្រុកសង្កែ ស្នាក់នៅបន្ទប់ជួល ខាងក្រោយស៊ុបពន្លឺត្បូង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានចេញទៅចូលរួមកម្មវិធីខួបកំណើតគេ នៅម្តុំបុរីរំចេក។
ប្រភពដដែលបានបន្តថា លុះប្រហែលជាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២០ គេក៏បានឃើញជនរងគ្រោះមានឌុបមនុស្សប្រុសម្នាក់មកកាន់បន្ទប់ជួលរបស់គេវិញដែលអាចនិយាយបានថា ពួកគេប្រាកដជាមកនាំគ្នាឡើងឋានសួគ៌ផងក៏មិនដឹង ព្រោះពេលមកដល់ភ្លាម គេឃើញភាគីខាងម្ចាស់បន្ទប់ បានចូលក្នុងបន្ទប់ទឹកដើម្បីងូតទឹកសម្អាតកាយ។
បន្ទាប់មកជនរងគ្រោះដើរចេញពីបន្ទប់ទឹកវិញស្រាប់តែភាគីខាងប្រុស ទាញយកកូនកាំបិតចិតបន្លែដងលឿងមកចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតមានបំណងប្លន់ ព្រោះជនរងគ្រោះមានពាក់គ្រឿងអលង្ការច្រើនក្នុងខ្លួន។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីមានការប្រតាយប្រតប់ និងមានការស្រែកឆោឡោពីសំណាក់អ្នកជិតខាងផងនោះ ទើបធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលទាំងយប់តែម្តង។ ដោយឡែកជនរងគ្រោះដែលរងរបួសត្រង់ពោះ៣កាំបិត និង ស្មាសងខាង២កាំបិត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ដើម្បីសង្គ្រោះ។
មកដល់ពេលនេះសមត្ថកិច្ចកំពុងដុតដៃ ដុតជើង ដើម្បីតាមស្វែងរកមុខសញ្ញាជនសង្ស័យចាប់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ខណ:គេដឹងថាស្នងការរងទទួលផែនព្រហ្មទណ្ឌមានដល់ទៅ២រូប ដែលទើបប្រកាសចូលកាន់តំណែងថ្មី តែបទល្មើសកាន់តែកើនឡើងទ្វេដងនោះ៕ ប្រាថ្នា