កងទ័ព​ឥណ្ឌា​ កើនឡើងដល់២០នាក់​ស្លាប់​ ក្នុងការ​ប៉ះទង្គិច​ជាមួយ​ចិន ខណៈ​ប៉េកាំង​ថា ទ័ព​ឥណ្ឌា​ឆ្លង​ព្រំដែន​ពីរដង​

ចែករំលែក៖

អន្តរជាតិ៖ ​យោងតាមសេចក្តីថ្លែងការណ៍​ថ្មី​របស់​យោធា​ឥណ្ឌា នា​ថ្ងៃទី​១៦ ខែមិថុនាម្សិលមិញថា មានករណី​ប៉ះទង្គិច​គ្នា​រវាង​ចិន និង​ឥណ្ឌានៅតាម​ព្រំដែន កាលពីថ្ងៃទី​១៥ ខែមិថុនា​ បណ្ដាលឲ្យទាហាន​ឥណ្ឌាយ៉ាងហោចណាស់ កើនឡើងដល់២០​នាក់​បាន​ស្លាប់ ។ ​បន្ទាប់ពីឥណ្ឌាអះអាងថា​ទាហាន​ខ្លួន​ស្លាប់​ចំនួន ៣​នាក់បន្ថែមទៀត ។ នេះបើតាមសេចក្តីថ្លែងការណ៍​ថ្មី​មួយទៀត​ដោយ​ប្រកាសថា ទាហាន​ចំនួន​១៧​នាក់​ផ្សេងទៀត​ដែល​រងរបួស​ធ្ងន់​នៅក្នុង​ការប៉ះទង្គិចក្នុង​តំបន់ Galwan Valley បានទទួល​មរណភាព​ហើយ​។ តួលេខ​សរុប​របស់​ទាហាន​ឥណ្ឌាមាន​ចំនួន ២០​នាក់​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បានចេញផ្សាយដកស្រង់ពីមន្រ្តីយោធា​ឥណ្ឌា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់ថា ករណី​ប៉ះទង្គិច​នៅ​តំបន់​ព្រំដែន Galwan Valley ដែល​ស្ថិតនៅ​ចន្លោះ​តំបន់​ទី​បេ​ប្រទេស​ចិន និង​តំបន់ Ladakh ប្រទេស​ឥណ្ឌា គឺជា​ការ​ប្រវាយប្រតប់​គ្នា​រវាង​ដៃ និង​ដៃ​ ។

ទាក់ទិន​នឹង​ការប៉ះទង្គិច​នេះ យោធា​ឥណ្ឌា បាន​អះអាងថា គឺ​បណ្តាល​ឲ្យ​មាន​ករណី​ស្លាប់​ភាគី​ទាំងសងខាង​។ ចំណែក​ក្រសួងការពារជាតិ​ចិនបាន​អះអាងថា ការប៉ះទង្គិច​នេះ គឺ​បណ្តាល​ឲ្យ​មាន​ទាហាន​ស្លាប់​មែន ប៉ុន្តែ មិនបាន​បញ្ចេញ​តួលេខ​ទាហាន​ស្លាប់​របស់ខ្លួន ឬ​ព័ត៌មាន​លំអិត​ជុំវិញ​បញ្ហា​នេះឡើយ​។ ករណី​ស្លាប់​ទាហាន​ឥណ្ឌា ២០​នាក់​នេះ គឺជា​តួលេខ​ដ៏​ច្រើន​បំផុត ក្នុង​រយៈពេល ៤​ទសរ​ត្ស​រ៍​ចុងក្រោយ​នៃ​ការប៉ះទង្គិច​គ្នា​រវាង​ចិន និង​ឥណ្ឌា​នៅតាម​ព្រំដែន​។

​ហេតុការណ៍ ដែល​បាន​កើតឡើង​នៅ​យប់​ថ្ងៃទី​១៥ ខែមិថុនា​នេះ ចិន បាន​អះអាងថា ទាហាន​ឥណ្ឌា បាន​វាយប្រហារ​មកលើ​ទាហាន​ចិន​។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​ក្រ​សួ​ការបរទេស​ចិន លោក Zhao Lijian ទាហាន​ឥណ្ឌា​បាន​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ​ចំនួន​ពីរដងដែល​នេះ​ជា​សកម្មភាព​សកម្មភាព​បង្កជម្លោះ និង​វាយប្រហារ​លើ​ទាហាន​ចិន​។ ដោយសារ​បញ្ហា​នេះ វា​បាន​បង្ក​ឲ្យ​មានការ​ប្រឈមមុខ​ធ្ងន់ធ្ងរ​ដាក់គ្នា​។

​ជាការ​ឆ្លើយតប​ទៅ​ភាគី​ចិន អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា បាន​តប​ថា ការប៉ះទង្គិច​នេះ កើតឡើង​ដោយសារតែ ភាគី​ចិន​ប៉ុនប៉ង​ជា​ឯកតោភាគី ចង់​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន (Status Quo) នៅតាម​ព្រំដែន​ប្រទេស​ទាំងពីរ​។

​ការប៉ះទង្គិច​តាម​ព្រំដែន​នេះ គឺ​ទំនងជា​កើតចេញពី​ការសាងសង់​ផ្លូវ​របស់​ឥណ្ឌា​នៅតាម​ព្រំដែន ក្នុង​តំបន់​ទន្លេ Galwan ដែល​ហូរ​ពី​តំបន់Aksai Chin របស់​ចិន​មក​តំបន់ Ladakh របស់​ឥណ្ឌា ដែល​តំបន់​ទាំងនេះ​ស្ថិតក្នុង​តំបន់​កា​ស្មៀ​រទាំង​អស់​។ ចិន​បាន​ប្រឆាំង​ការសាងសង់​នេះ​ព្រោះ​នាំ​ឲ្យ​ឥណ្ឌា​មានប្រៀប​ក្នុងការ​ដឹកជញ្ជូន​យោធា ឬ​សព្វាវុធ​។ ភាព​តានតឹង​ក៏​ឡើងក​ម្ដៅ​ខ្លាំង​បន្តិច​ម្ដងៗ​។

​គួរបញ្ជាក់ថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅក្នុង​តំបន់ Naku La ក្នុង​រដ្ឋ Sikkim កាលពី​ខែឧសភា កន្លងទៅ  ទាហាន​ឥណ្ឌា និង​ចិនក៏បាន​ប៉ះទង្គិច​ជាមួយគ្នា​ដែរ តាមរយៈ​ប្រវាយប្រតប់​គ្នា និង​ការ​ចោល​ដុំថ្ម​ដាក់គ្នា ប៉ុន្តែ​បញ្ហា​នេះ បាន​បង្ក​ឲ្យ​ភាគី​ទាំងពីរ​រងរបួស​តែប៉ុណ្ណោះ​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print