ភ្នំពេញ ៖ គេសង្កេតឃើញថាប៉ុន្មានថ្ងៃនេះមានធ្លាក់ភ្លៀងច្រើន តែស្ថានភាពទឹកជន់លិចគឺមិនមានខ្លាំងក្លាប៉ុន្មានឡើយដោយសារក្រុមការងារសាលាធានីភ្នំពេញតែងតែចាត់ឱ្យលោកអភិបាលខណ្ឌចំការមនចុះត្រួតពិនិត្យប្រឡាយទឹកបឹងត្របែកជានិច្ច។
នៅថ្ងៃទី១៨ ខែមិថុនានេះលោក ថេង សុថុល អភិបាលខណ្ឌចំការមនបានឱ្យដឹងថា ពីមុនតែងតែមានការជន់លិចឱ្យតែមេឃធ្លាក់ភ្លៀងជាប់ៗគ្នា តែមួយរយៈនេះមិនមានការជន់លិចលើដងផ្លូវឡើយហើយចំពោះប្រឡាយទឹកបឹងត្របែកដោយមានម៉ាសុីនសម្រាប់បូមទឹកធ្វើឱ្យស្ថានភាពទឹកហូរខ្លាំងទើបយើងអាចរំដោះទឹកមិនឱ្យលិចលង់បាន។ជាពិសេសលោក ឃួង ស្រេង អភិបាលក្រុងតែងតែឱ្យអាជ្ញាធរមូលដ្ឋានត្រួតពិនិត្យមើលលើដងវិថី ពិសេសនៅខណ្ឌបឹងកេងកងនិងខណ្ឌចំការមនព្រំប្រទល់ប្រឡាយ១ខ្សែជាប់គ្នាដោយឱ្យសហការជាមួយមន្ទីរសាធារណការដើម្បីប្រើគ្រឿងចក្រនៅពេលដែលមានដីភក់ច្រើនធ្វើឱ្យកកស្ទះប្រឡាយទឹកត្រូវកាយយកអាចម៍ដីចេញជាបន្ទាន់ ។
រដ្ឋបាលខណ្ឌចំការមន រៀបចំពិធីសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ ដោយលោកបានចែកអាវភ្លៀង និងអង្ករជូនដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមនដែលក្នុងម្នាក់ៗទទួលបានអាវភ្លៀងចំនួន០១ និងអង្ករ ០១បាវ (២៥គីឡូក្រាម)។ជាមួយគ្នានោះលោកអភិបាលខណ្ឌបានផ្ដាំធ្ញើដល់កងកម្លាំងត្រូវចេះថែសុខភាពខ្លួននិងរក្សាអនាម័យឱ្យបានស្អាតជានិច្ច ដោយមុននិងក្រោយហូបចំណីអាហារត្រូវលាងដៃនិឹងសាប៊ូឬអាល់កុលផង ៕
ដោយ៖ ស រស្មី